ក្រុមកីឡាករអគ្គស្នងការដ្ឋាននគរបាលជាតិឈ្នះមេដាយមាស១៥ក្នុងការប្រកួតនៅហូឡង់ (Video Inside)

ក្រុមកីឡាកររបស់អគ្គស្នងការដ្ឋានគរបាលជាតិទទួលបានជោគជ័យមេដាយមាសចំនួន១៥គ្រឿងក្នុងការប្រកួតនៃក្រុមកីឡានគរបាល​ និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក នៅប្រទេសហូឡង់។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ មេដាយសរុបដែលកម្ពុជាទទួល បានក្នុងការប្រកួតពីថ្ងៃទី២២ដល់៣១កក្កដាក្នុងប្រទេសហូឡង់នោះ មានចំនួនសរុប៣៣ គ្រឿង។ ក្រៅពីមេដាយមាសចំនួន១៥, កម្ពុជាទទួលបានមេដាយប្រាក់៨គ្រឿង និងមេដាយ សំរិទ្ធចំនួន១០គ្រឿង។

ការប្រកួតនៃក្រុមកីឡានគរបាលនិងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក រយៈពេល១០ថ្ងៃក្នុង ប្រទេសហូឡង់ មានអត្តពលិកចូលរួមជាង១ម៉ឺននាក់មកពី៧០ប្រទេសចូលរួមក្នុងការប្រកួត លើវិញ្ញាសារចំនួន៦៣ប្រភេទខុសៗគ្នា។ ក្រុមកីឡាកររបស់អគ្គស្នងការដ្ឋានគរបាលជាតិនៃ ប្រទេសកម្ពុជា បានទទួលជោគជ័យក្នុងវិញ្ញាសារប្រកួតចំនួន៩ រួមមាន៖

*ទី១៖ ជូជីតស៊ូដែលទទួលបានមេដាយមាស ១, ប្រាក់ ៣, សំរឹទ្ធ ១

*ទី២៖ ចំបាប់ ដែលបានទទួលមេដាយមាស ៣, ប្រាក់ ១, សំរឹទ្ធ ២

*ទី៣៖ ការ៉ាតេ ទទួលបានមេដាយមាស ១, ប្រាក់ ២, សំរឹទ្ធ ២

*ទី៤៖ តេក្វាន់ដូ ទទួលបានមេដាយមាស ៣

*ទី៥៖ ចំបាប់កាច់ដៃ ទទួលបានមេដាយមាស ៦, និងប្រាក់ ១

*ទី៦៖ លើកទម្ងន់ ទទួលបានមេដាយមាស ១

*ទី៧៖ យូដូ ដែលទទួលបានមេដាយសំរឹទ្ធ ៣

*ទី៨៖ វាយកូនឃ្លីលើតុ ទទួលបានមេដាយសំរឹទ្ធ ១

និង*ទី៩៖ កីឡាវាយសី ដែលទទួលបានមេដាយប្រាក់ ១, និងសំរឹទ្ធ ១

អគ្គស្នងការដ្ឋាននគរបាលជាតិនាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត សាវឿន បានថ្លែងកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមកីឡាករ និងចាត់ទុកការចូលរួមប្រកួតកីឡាជា លក្ខណៈពិភពលោករបស់នគរបាលជាតិកម្ពុជានេះ គឺជាមោទនភាពរបស់ប្រទេសជាតិកម្ពុជា, ហើយការទទួលបានលទ្ធផលដ៏ធំធេងនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់វិស័យកីឡា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន។

ads banner