សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រឹកស្អែក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
នៅក្នុងកម្មវិធីថ្ងៃស្អែកនេះផងដែរ មុនឈានដល់កម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន ហើយសម្តេចតេជោ ក៏នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ានផងដែរ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានោះ។

តាមកម្មវិធីដែលបានគ្រោងទុក បន្ទាប់ពីបើកផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសំខាន់ៗមួយចំនួននៅវិមានសន្តិភាព មានដូចជា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេស នៃប្រទេសអូស្ត្រាលី។ ឯកឧត្តម ហាយ៉ាហ្សី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងឯកឧត្តម Josep BortellFontelles តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចកាបរទេស សន្តិសុខ នយោបាយ អនុប្រធានគណៈកម្មការអឺរ៉ុប។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើក ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖
- កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
- ជំនួបរវាងរដ្ឋមន្រ្តីការបរទេស អាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស
- កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥
- សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន
- កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានបូកបី លើកទី២៣
- កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២
- កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩
ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយ ព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់។ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២១ ផងដែរ។
ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥ នឹងមានកិច្ចប្រជុំត្រីភាគីចំនួនបីដាច់ដោយឡែកពីគ្នា រវាងកម្ពុជានិងលេខាធិការដ្ឋានអាស៊ាន ជាមួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានចំនួនបី រួមមាន ប្រទេសន័រវេស ប្រទេសតួកគី និងប្រទេសស្វីស។
ក្រៅពីប្រទេសដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងប្រទេសទាំងប្រាំមួយ ដែលចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ខាងលើ ប្រទេសចំនួនបួនផ្សេងទៀត នឹងត្រូវបានអញ្ជើញជាភ្ញៀវនៃប្រធានអាស៊ានឆ្នាំ២០២២ រួមមានប្រទេសប៉ាពួញូវហ្គីណេ ម៉ារ៉ុក ទីម័រខាងកើត និងអាស៊ែបៃហ្សង់។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ AMM លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រំពឹងថានឹងមានជំនួបទ្វេភាគីមួយចំនួនជាមួយនឹងសមភាគីបរទេសរបស់ឯកឧត្ដម៕
ដោយ៖ពលជ័យ