រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទោះបីជាមាននិន្នាការដែលគួរឱ្យព្រួយបារម្ភមួយចំនួននៅក្នុងតំបន់ កម្ពុជារីករាយដែលផែនការសកម្មភាពពង្រឹងការអនុវត្តសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរនឹងត្រូវបានបន្តប្រាំឆ្នាំទៅមុខទៀត

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចំនួនពីរ គឺកិច្ចប្រជុំនៃគណៈកម្មការតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (SEANWFZ) និងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) និងជំនួបទ្វេភាគីជាមួយអគ្គលេខាធិការអាស៊ាន និងក្រិក នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា។

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ថា “ទោះបីជាយើងសង្កេតឃើញមាននិន្នាការដែលគួរឱ្យព្រួយបារម្ភមួយចំនួននៅក្នុងតំបន់នាពេលថ្មីៗនេះក្តី ខ្ញុំរីករាយដែលផែនការសកម្មភាពពង្រឹងការអនុវត្តសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរនឹងត្រូវបានបន្តរយៈពេលប្រាំឆ្នាំទៅមុខទៀត។ ម្យ៉ាងវិញទៀត ឆ្នាំនេះគឺជាខួបលើកទី១០ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលត្រូវបានអនុម័តក្នុងខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងទីក្រុងភ្នំពេញដូចគ្នានេះដែរ!”។

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី០២ ខែសីហានេះថា នៅថ្ងៃនេះមានកិច្ចប្រជុំទាំងអស់ចំនួន៤ មានដូចជាៈ ទី១.គណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ ទី២.កិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) និងពីរទៀត គឺជាជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយអគ្គលេខាធិការអាស៊ាន និងក្រិក។

អ្នកនាំពាក្យបានបន្តថា ទាក់ទងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសជាមួយទៅលើបញ្ហាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាអ្នកដឹកនាំ ដោយបានពិភាក្សាទៅលើការវិវឌ្ឍ ការរីកចម្រើននៃការអនុវត្តផែនការសកម្មភាពដើម្បីពង្រឹងការអនុវត្តសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២។ អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសបានយល់ស្របទៅលើការបន្តផែនការសកម្មភាព ពង្រឹងការអនុវត្តផែនការសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ២០១៨-២០២២ និង៥ឆ្នាំទៀត ពីឆ្នាំ២០២៣-២០២៧ ដើម្បីធានានិរន្តភាពការអនុវត្តសន្ធិសញ្ញានេះឱ្យមានប្រសិទ្ធភាពខ្ពស់។

រដ្ឋមន្ត្រីការបរទេសក៏បានឯកភាពគ្នាជូនប្រទេសសមាជិកពិគ្រោះយោបល់ផ្ទៃក្នុងដើម្បីស្វែងរកដំណោះស្រាយបញ្ហាលេចធ្លោពាក់ព័ន្ធនឹងការចុះហត្ថលេខាលើពិធីសារ នៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយគ្លេអ៊ែរ។ ប្រទេសសមាជិកអាស៊ានបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងនាមជាប្រធានអាស៊ាន ដែលបានដាក់ចេញនៅសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីការរំសាយសព្វាវុធក្នុងការមិនសាយភាយអាវុធកាលពីខែកុម្ភៈ ឆ្នាំ២០២២។

ប្រភពដដែលបន្តថា ទាក់ទងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស៖ ក្នុងរយៈពេល១០ឆ្នាំ បន្ទាប់ពីការអនុម័តសេចក្តីថ្លែងការអាស៊ានស្តីពីសិទ្ធិមនុស្ស គឺឃើញមានការរីកចម្រើនច្រើននៅក្នុងតំបន់ពីស្ថានភាពសិទ្ធិមនុស្ស និងក៏មានការការពារ ក៏ដូចជាលើកតម្កើងសិទ្ធិមនុស្ស។ ថ្វីត្បិតតែវាមិនល្អឥតខ្ចោះ ប៉ុន្តែបើសិនជាយើងធ្វើការប្រៀបធៀបជាមួយតំបន់ផ្សេង ក៏ដូចជាស្ថានភាពសិទ្ធិមនុស្សកាលពីអតីតកាលឃើញថា មានការរីកចម្រើនច្រើន ហើយក៏ដូចជាចំណុចមួយមោទនភាពសម្រាប់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងអស់ក៏បានវាយតម្លៃខ្ពស់ និងបានកោតសរសើរតំណាងអន្តររដ្ឋាភិបាលនេះ ដែលបានបំពេញការងារនិងខិតខំប្រឹងប្រែងជាច្រើនដើម្បីជំរុញការលើកតម្កើង ក៏ដូចជាការការពារសិទ្ធិមនុស្ស៕
ដោយ៖ពលជ័យ

ads banner