រដ្ឋមន្ត្រីការបរទេសកម្ពុជា-សិង្ហបុរី សម្ពោធជាផ្លូវការមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសិង្ហបុរី អញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅអាគារអាយខុន រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាមួយអ្នកទាំងអស់គ្នា ក្នុងឱកាសដ៏វិសេសវិសាល និងដ៏សប្បាយរីករាយនេះ ដើម្បីអបអរសាទរខួបលើកទី២០ នៃការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្ពុជា-សិង្ហបុរី (CSTC) នៅភ្នំពេញ ដែលត្រូវបានដំឡើងជាមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-សិង្ហបុរី (CSCC) នៅឆ្នាំ២០១៨ ក្នុងគោលបំណងជំរុញសមាហរណកម្មសេដ្ឋកិច្ច និងការចាប់យកបច្ចេកវិទ្យានៅក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានរំលឹកថា គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ហៅកាត់ថា IAI ត្រូវបានដាក់ចេញដោយថ្នាក់ដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការលើកទី៤ នៅខែវិច្ឆិកា ឆ្នាំ២០០០ នៅប្រទេសសិង្ហបុរីក្នុងរយៈពេលត្រឹមតែមួយឆ្នាំកន្លះប៉ុណ្ណោះបន្ទាប់ពីកម្ពុជាចូលជាសមាជិកថ្មីចុងក្រោយគេរបស់អាស៊ាន។ គំនិតផ្ដួចផ្ដើមនេះត្រូវបានដាក់ចេញដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងអាស៊ាន-៦ និងកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ក៏ដូចជាគាំទ្រសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន។

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបន្តថា រដ្ឋាភិបាលសិង្ហបុរីបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅក្នុងប្រទេស CLMV នីមួយៗ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមដ៏មានសារសំខាន់ជាសារវ័ន្តនេះឱ្យមានប្រសិទ្ធភាព និងមានប្រសិទ្ធផល។ ដូច្នេះហើយ មជ្ឈមណ្ឌលបណ្តុះបណ្តាលកម្ពុជា-សិង្ហបុរី(CSTC) នៅភ្នំពេញត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ២០០២។ អ្វីដែលគួរឱ្កត់សម្គាល់ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលនេះបានបណ្តុះបណ្តាលមន្ត្រីកម្ពុជាជាង១១,០០០ នាក់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។ រហូតមកដល់ពេលនេះ សិង្ហបុរីបានប្រកាសផ្ដល់ថវិកាចំនួនបួនលើកដែលមានចំនួន១៧០លានដុល្លារសិង្ហបុរី សម្រាប់សមាហរណកម្មអាស៊ាន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ក្នុងន័យនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសិង្ហបុរីដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ និងធ្វើសមាហរណកម្មអាស៊ានឱ្យកាន់តែស៊ីជម្រៅ។ រហូតមកដល់បច្ចុប្បន្ននេះ ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ(NDG) នៅតែជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងនានារបស់អាស៊ាន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងមជ្ឈមណ្ឌល CSCC ឯកអគ្គរដ្ឋទូត និងមន្ត្រីស្ថានទូតសិង្ហបុរីនៅភ្នំពេញ អ្នកជំនាញ និងគ្រូឧទ្ទេសនាម ព្រមទាំងមន្ត្រីរបស់ក្រសួងការបរទេសសិង្ហបុរីទាំងអស់ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងដោយមិនគិតការនឿយហត់ ដើម្បីមជ្ឈមណ្ឌលនេះ។

ប្រភពដដែលបានបញ្ជាក់ថា ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស គឺជាសសរស្ដម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់ៗនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសសមាជិកអាស៊ានរបស់យើង និងប្រទេសជាដៃគូសន្ទនារបស់អាស៊ាន ចំពោះការបន្តជំនួយនៅក្នុងវិស័យជាយុទ្ធសាស្ត្រនេះ។ ក្នុងនាមជាប្រធាននៃក្រុមការងារគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ឆ្នាំ២០២២ កម្ពុជាប្តេជ្ញាចិត្ត ក្នុងការធានាឱ្យបាននូវការអនុវត្តផែនការការងារ IAI តំណាក់កាលទី៤ (២០២១-២០២៥) ប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើវិស័យយុទ្ធសាស្ត្រចំនួន០៥ គឺអាហារ និងកសិកម្ម ការសម្របសម្រួលពាណិជ្ជកម្ម សហគ្រាស ម៉ាក្រូធុនតូច និងមធ្យម ការអប់រំ និងសុខភាព និងសុខុមាលភាព ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាស៊ានបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ និងសូមជូនពរបវរមហាប្រសើរជូនមិត្តសិង្ហបុរីទាំងអស់ ក្នុងឱកាសខួបលើកទី៥៧ នៃបុណ្យឯករាជ្យជាតិសិង្ហបុរី នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ សូមជូនពរមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី បន្តទទួលបានជោគជ័យ និងសមិទ្ធផលកាន់តែធំធេងថែមទៀត និងសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមមានសុខភាពល្អ សុភមង្គល និងជោគជ័យ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner