ម៉ោង១១ព្រឹកនេះ ក្រុមកីឡាការិនីបាល់ទះអង្គុយជនពិការកម្ពុជាប៉ះឥណ្ឌូនេស៊ីលើកទី២

សូឡូ៖ ព្រឹកថ្ងៃទី៣ ខែសីហានេះ ក្រុមកីឡាការិនីបាល់ទះអង្គុយជនពិការកម្ពុជាត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងវគ្គសន្សំពិន្ទុ នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។

សម្រាប់វិញ្ញាសាបាល់ទះអង្គុយជនពិការផ្នែកនារីនេះមានតែ៣ប្រទេសប៉ុណ្ណោះដែលបានបញ្ជូនមកចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២នេះគឺម្ចាស់ផ្ទះឥណ្ឌូនេស៊ី ថៃ និងកម្ពុជា។ រូបមន្តនៃការប្រកួតក្រុមនីមួយៗត្រូវប៉ះគ្នាពីរដងក្នុងវគ្គសន្សំពិន្ទុមុនពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ។

ក្រុមកីឡាការិនីបាល់ទះអង្គុយជនពិការកម្ពុជានៅមិនទាន់អស់ឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រឡើយ បើទោះបានចាញ់២ប្រកួតជាប់គ្នាគឺចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ០-៣ (៨-២៥, ៨-២៥, ៦-២៥) និងចាញ់ក្រុមនារីថៃ ០-៣ (១២-២៥, ១៥-២៥, ១៥-២៥) វគ្គសន្សំពិន្ទុ។ ថ្ងៃទី៣ វេលាម៉ោង១១ព្រឹកនេះ ក្រុមនារីកម្ពុជាត្រូវប្រកួតជាមួយក្រុមនារីឥណ្ឌូនេស៊ី ជាលើកទី២។

ទោះបីជាយ៉ាងណា តាមពិន្ទុបណ្តោះអាសន្ន ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ស្ថិតនៅលេខ១ ថៃលេខ២ និងកម្ពុជាលេខ៣។ តាមរូបមន្តប្រកួត បន្ទាប់ពីចប់វគ្គសន្សំពិន្ទុ ក្រុមលេខ១ ប្រកួតជាមួយក្រុមលេខ២ដើម្បីដណ្តើមមេដាយមាស ខណៈក្រុមលេខ៣ទទួលបានមេដាយសំរឹទ្ធ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែសីហានេះ ក្រុមអត្តពលិកជនពិការកម្ពុជាឈ្នះបានមេដាយចំនួន១៣គ្រឿងហើយគឺមាស៣ ប្រាក់៦ និងសំរឹទ្ធ៤ ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner