សម្តេចតេជោ ហ៊ុន សែន លើកជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួនពីរ និងស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្តល់ការគាំទ្រ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានលើកជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួនពីរ និងបានស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្តល់ការគាំទ្រ គឺការដោះស្រាយចំពោះការគំរាមកំហែងដល់ភាពរស់រាននៃជីវិត នៅក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាត ផ្នែកបរិស្ថាន និងពាក់ព័ន្ធនឹងវិធានការ ដើម្បីស្តារ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ការលើកជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះ បានធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាសានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមទីមួយ គឺការដោះស្រាយចំពោះការគំរាមកំហែងដល់ភាពរស់រាននៃជីវិត នៅក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាត ផ្នែកបរិស្ថាន។ រហូតមកដល់ពេលនេះ អាស៊ាន បាននិងកំពុងដាក់ចេញនូវដំណោះស្រាយជាគោលនយោបាយជាច្រើន ប៉ុន្តែការឆ្លើយតបរបស់យើង ហាក់នៅផ្តោតតែលើវិស័យជាក់លាក់ និងខ្វះការសម្របសម្រួលរវាងគ្នា។ អាស៊ានចាំបាច់ត្រូវជំរុញកិច្ចការនេះបន្ថែមទៀត តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវលក្ខខណ្ឌថ្នាក់ជាតិផ្សេងៗ ដើម្បីផ្តល់ជាវេទិកា សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅ។ ជាការប្រសើរ ប្រសិនបើអាស៊ានអាចពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខ័ណ្ឌធំទូលាយមួយ ដែលខ្ញុំសូមហៅថាជា កិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) សំដៅអនុញ្ញាតឱ្យតំបន់របស់យើងអាចប្រែខ្លួនបន្តិចម្ដងៗ ឆ្ពោះទៅកាន់អនាគតបៃតងមួយដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែងក្នុងផ្នែក សេដ្ឋកិច្ច កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអាចគ្របដណ្តប់ទៅលើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្តសាលការប្រើប្រាស់ កសិកម្មការដឹកជញ្ជូន បរិស្ថាន និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា នវានុវត្តន៍ និងការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ បំពេញតួនាទីជាកត្តាជំរុញ។ ខ្ញុំសូមស្វាគមន៍នូវមតិយោបល់របស់សមាជិកអាស៊ាន ក្នុងការ ធ្វើឱ្យគំនិតផ្តួចផ្តើមនេះក្លាយជាការពិត។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា គំនិតផ្តួចផ្តើមទីពីរ គឺពាក់ព័ន្ធនឹងវិធានការ ដើម្បីស្តារ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ អាស៊ាន បានឯកភាពអនុវត្តគំនិតផ្តួចផ្តើម និងកម្មវិធីនានា ក្រោមយុទ្ធសាស្ត្រធំទាំង៤ នៃក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ ស្របតាមយុទ្ធសាស្ត្រធំទី៣ ដែលសំដៅបង្កើនជាអតិបរមានូវសក្តានុពលនៃទីផ្សារអន្តរអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ច ដែលទូលំទូលាយជាងមុន ខ្ញុំជឿថាយើងត្រូវការជាចាំបាច់នូវលេខាធិការដ្ឋានដាច់ដោយឡែកមួយឱ្យបានឆាប់បំផុត ដើម្បីសម្របសម្រួលការ អនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងអាសិប (RCEP) ដែលបានចូលជាធរមាន កាលពីខែមករាកន្លងទៅនេះ។ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋានអាសិបនេះ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេចសម្រាប់លេខាធិការដ្ឋានអាសិបនេះ នៅរាជធានីភ្នំពេញ និង បាននិងកំពុងរៀបចំគម្រោងសំណើលម្អិតទៀតផង។ ខ្ញុំសង្ឃឹមថា កម្ពុជាអាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូច ជាប្រទេសជាសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងអាសិប នៅពេលដែលកម្ពុជាដាក់សំណើនេះជាផ្លូវការ។

នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាស៊ានត្រូវធានាឱ្យបានថា យើងនឹងអាចរួមគ្នាជាធ្លុងមួយឡើងវិញបាន។ អាស៊ាន គឺជាតំបន់មួយ ដែលមានប្រទេសជាសមាជិកចំនួន១០ និងមិនមែនតិចជាងនេះឡើយ។ ក្នុងស្មារតីនេះ, យើងត្រូវការឆន្ទៈរួម។ អាស៊ានចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាថា ឯកភាពអាស៊ាន នៅតែរឹងមាំ មជ្ឈភាពអាស៊ានត្រូវបានគោរព ហើយសហគមន៍អាស៊ានរបស់យើងកាន់តែមានសមាហរណកម្មជាងមុន ជាមួយនឹងការបន្តពង្រឹងទំនាក់ទំនងខាងក្រៅ។ សម្តេចជឿជាក់ទៅលើភាពឈ្លាសវៃ និងភាពជាអ្នកដឹកនាំដ៏ល្អបំផុតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលមានវត្តមាននៅទីនេះ ក្នុងការសម្រេចបាននូវគោលដៅរួមរបស់យើងទាំងអស់គ្នា៕
ដោយ៖ពលជ័យ

ads banner