រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា ពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Sheikh Mohammed bin Abdulrahman Al-Thani ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរកាតាចំពោះការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sheikh Mohammed bin Abdulrahman Al-Thani បានឯកភាពគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ក៏ដូចជាក្នុងការជំរុញឱ្យចាប់ផ្តើម មានទំនាក់ទំនងផ្នែកធុរកិច្ចផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើឱ្យប្រទេសកាតាបញ្ជូនគណៈប្រតិភូធុរកិច្ចមកចូលរួមក្នុងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៥ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៥-១៨ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីស្វែងរកឱកាសអាជីវកម្ម និងពាណិជ្ជកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ផងដែរ។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានផលប្រយោជន៍រួម និងបានយល់ស្របគ្នាលើការការពារពហុភាគីនិយម និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានឯកភាពគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sheikh Mohammed bin Abdulrahman Al-Thani បានអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចនៅកាតាក្នុងពេលឆាប់ៗខាងមុខ សំដៅស្វែងរកកាលានុវត្តភាពក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sheikh Mohamed bin Abdulrahman Al-Thani នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ដោយ៖ពលជ័យ

