ព្រឹទ្ធសភានឹងបើកសម័យពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤ទៀត នៅថ្ងៃស្អែក

ភ្នំពេញ៖ ព្រឹទ្ធសភានឹងបើកសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ស្អែកនេះ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ និងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤ទៀត។

ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍នៅក្នុងសន្និសីទសារព៏ត៌មានថា អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាយល់ឃើញថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ មានលក្ខណៈត្រឹមត្រូវតាមទម្រង់និងគតិច្បាប់ និងឯកភាពដាក់សេចក្តីព្រាងច្បាប់នេះ ចូលក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើឡើងនៅក្នុងគោលបំណងសំខាន់ចំនួនពីរ ទី១.ធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ពិសេសស្ថាប័ននីតិប្រតិបត្តិដែលមានបេសកកម្មដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តភាពនៃគ្រប់កាលៈទេសៈ និងទី២.ធានាការពារនិងថែរក្សាឲ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពនយោបាយរបស់ប្រទេសជាតិ នៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសម្រាប់ជាឧត្តមប្រយោជន៍ជាតិ សេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា សម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដានេះ បានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា ១៩ ថ្មី ( មួយ ) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី (មួយ) និង មាត្រា ១២៥ ថ្មី នៃ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និង មាត្រា ៤ថ្មី នៃ ច្បាប់ធម្មនុញ្ញ បន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ក្នុងសំឡេង១០៥ លើ១០៦សំឡេង។

គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖
១-ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាពនិងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី៨ និងលើកទី៩ នីតិ-កាលទី៤។
២-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ។
៣-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ។
៤-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖
១- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិង
ការចៀសវាងពន្ធ
២- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិប-កេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។
៥- ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជា-ណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញា ស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner