នៅឆមាសទី១ឆ្នាំ២០២០នេះ ប្រាក់ចំណូល និង ប្រាក់ចំណេញរបស់ក្រុមហ៊ុន ហូវៃ នៅតែមានការកើនឡើងខ្ពស់ដដែល បើទោះបីក្នុងអំឡុងវិបត្តិ COVID-19
ចិន៖ ក្រុមហ៊ុន ហូវៃ បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួននៅឆមាសទី១ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ទាំងប្រាក់ចំណូល និងចំណេញសុទ្ធតែកើនឡើង ដែលក្នុងនោះប្រាក់ចំណូលបានកើនឡើង១៣.១ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈប្រាក់ចំណេញសុទ្ធបានកើនឡើង៩.២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ។
នៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ ទទួលបាននៅឆមាសទី១ ឆ្នាំ២០២០នេះ មានចំនួន៤៥៤ពាន់លានយន់ ឬស្មើនឹងជាង៦៤ពាន់លានដុល្លារ ដោយក្នុងនោះប្រាក់ចំណូលបានមកពីអាជីវកម្មទូរស័ព្ទចល័តច្រើនជាងគេ ។
ក្រុមហ៊ុន ហូវៃ នឹងធ្វើការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុនេះជាផ្លូវការ និងលម្អិតនៅចុងខែនេះ ឬដើមខែក្រោយ ដោយនៅពេលនេះ គ្រាន់តែបង្ហើបឱ្យដឹងខ្លះៗប៉ុណ្ណោះ ជាពិសេសគឺប្រាក់ចំណូល និងប្រាក់ចំណេញនៅតែបន្តកើនឡើង បើទោះបីជាមានការហាមឃាត់ការលក់ ឬប្រើប្រាស់សេវាកម្មមួយចំនួននៅសហរដ្ឋអាម៉េរិក និង បញ្ហាវិបត្តិ Covid-19 ៕ធ.ដ