ក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យការងារប្រឡងប្រណាំង បង្កបង្កើនផលចិញ្ចឹមសត្វ លើកស្ទួយជីវភាពរស់នៅកងទ័ព របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ ស៊ិន ស៊ីណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ អញ្ជើញចូលរួម កិច្ចប្រជុំនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្តីពីការងារប្រឡងប្រណាំង បង្កបង្កើនផលចិញ្ចឹមសត្វ លើកស្ទួយជីវភាពរស់នៅកងទ័ព របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
លោកវរសេនីយ៍ទោ សួស សំអាត នាយការិយាល័យទី៤ បញ្ជាក់ពីលទ្ធផលសកម្មភាពក្នុងការអនុវត្តចលនាប្រឡងប្រណាំង លើខ្លឹមសារទី៥នៃខ្លឹមសារទាំង៥ ក្នុងចលនាប្រឡងប្រណាំង ស្តីពីការងារបង្កបង្កើនផលចិញ្ចឹមសត្វ ដោះស្រាយជីវភាពកងទ័ព បានយកចិត្តទុកដាក់សំខាន់លើបញ្ហា ការដាំដុះដំណាំបង្កបង្កើនផល កាចិញ្ចឹមសត្វនិងការរៀបចំផ្ទះហូបបាយជូនដល់កងទ័ពនៅតាមកងឯកភាពនីមួយៗ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា ការអនុវត្តខ្លឹមសារទាំង៥ នៃចលនាប្រឡងប្រណាំង ដែលបញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានដាក់ចេញ ដោយបានយកចិត្តទុកដាក់ក្នុងការអនុវត្តគ្រប់ខ្លឹមសារទាំង៥ នៃចលនាប្រឡងណាំង ដោយឡែកការអនុវត្តន៍ ខ្លឹមសារប្រឡងប្រណាំងលើការងារបង្កបង្កើនផលចិញ្ចឹមសត្វ អង្គភាពបានទទួលខុសត្រូវ ដោយបានរៀបចំការដាំដុះបន្លែបង្ការនៅតាមកងឯកភាពនីមួយៗបានល្អ ព្រមទាំងដំណាំហូបផ្លែនិងដំណាំផ្សេងៗទៀតបម្រើឲ្យផ្ទះបាយ រួមជាមួយនោះក៏បានចិញ្ចឹមសត្វ មាន់ ទា ជ្រូក ដើម្បីដោះស្រាយជីវភាពជូនបងប្អូននៅក្នុងផ្ទះបាយ របស់អង្គភាពនីមួយៗព្រមទាំង ចិញ្ចឹមត្រី ចិញ្ចឹម មាន់ ទា ជ្រូក គោ ចំពោះការចិញ្ចឹមគោ នៅផ្នែកសឹករងក្រុងស្ទឹងសែន បានដោះស្រាយជូនដល់បងប្អូន ដែលបានចូលនិវត្តន៍ត្រូវបានផ្តល់ជូនមេគោពូជចំនួន ១ក្បាល សម្រាប់បងប្អូនទៅរស់នៅតាមមូលដ្ឋាន ។
ឧត្តមសេនីយ៍ទោ ស៊ិន ស៊ីណាត បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពិសេស ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្មលើចលនាប្រឡងប្រណាំងទាំងប្រាំខ្លឹមសារ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។
ឧត្តមសេនីយ៍ទោ ស៊ិន ស៊ីណាត បានជំរុញការអនុវត្តន៍លើការងារប្រឡងប្រណាំងទី៥ ក្នុងសកម្មភាពការដាំដុះ ការចិញ្ចឹមសត្វនិងការរៀបចំផ្ទះហូបបាយ ជូនបងប្អូនយោធិន និងត្រូវពិនិត្យទិន្នន័យលទ្ធផលនៃការបង្កបង្កើនផល ចិញ្ចឹមសត្វនិងការរៀបចំផ្ទះបាយដើម្បីរាយការណ៍ជូនថ្នាក់លើសុំការសរសើរជូនរង្វាន់ ក្នុងការអនុវត្តចលនាប្រឡងប្រណាំង លើកកម្ពស់ជីវភាពរបស់កងទ័ពនៅក្នុងអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងមូល ៕
ដោយ ប៊ុន រដ្ឋា









