បទល្មើសសត្វព្រៃ នៅខេត្តកំពង់ធំ ក្នុងឆ្នាំ២០២១ មានកើនឡើង៥៥ភាគរយប៉ុន្តែ ក្នុងឆមាសទី១ដើមឆ្នាំ២០២២ បានថយចុះប្រមាណ៧៥ភាគរយវិញ
ខេត្តកំពង់ធំ ៖ បទល្មើសសត្វព្រៃ ជាពិសេសការដាក់អន្ទាក់ចាប់សត្វព្រៃ នៅក្នុងតំបន់ ការពារធម្មជាតិ ភូមិសាស្ត្រខេត្តកំពង់ធំ នៅក្នុងឆ្នាំ២០២១ មានកើនឡើង ៥៥ភាគរយធៀបទៅនឹងឆ្នាំ២០២០ ប៉ុន្តែនៅក្នុងឆមាសទី១ ដើមឆ្នាំ២០២២ ការបរបាញ់ និងការដាក់អន្ទាក់ចាប់សត្វព្រៃបានថយចុះប្រហែលជា ៧៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យនៅខេត្តកំពង់ធំ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឱ្យដឹងថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំងបទល្មើសបរបាញ់ ដាក់អន្ទាក់ចាប់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិទាំងអស់ បានប្រព្រឹត្តទៅដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរខេត្ត-ស្រុក-ឃុំ និងសហគមន៍តំបន់ការពារធម្មជាតិ។ ក្នុងការទប់ស្កាត់បទល្មើស ជាពិសេសការចាប់សត្វព្រៃ អាជ្ញាធរមូលដ្ឋាន បានដើរតួសំខាន់ក្នុងការជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្តីពីសារៈសំខាន់ និងតម្លៃនៃការអភិរក្សសត្វព្រៃដើម្បី ធម្មជាតិ វប្បធម៌ និងសេដ្ឋកិច្ចជាតិយើង។
លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា”ករណីបទល្មើសធនធានធម្មជាតិ គិតទាំងបទល្មើសបរបាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃ ដែលបាន បង្ក្រាបនៅក្នុងតំបន់ការពារធម្មជាតិទាំង០៦ ក្នុងឆ្នាំ២០២១ មានចំនួនសរុប ១១៤១ករណី ក្នុងនោះបានបញ្ជូន សំណុំរឿងទៅតុលាការចំនួន ៧៩ករណី ជាមួយជនល្មើស ៩០នាក់។ ដោយឡែកចំពោះករណីបទល្មើសសត្វព្រៃ មន្ដ្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ រើអន្ទាក់ចេញបានចំនួន ១៨៧០ ដកហូតអាវុធអាវុធកែច្នៃបាន ចំនួន ៦០ដើម រឹបអូស និងលែងសត្វព្រៃ (ត្រកួត ពស់ថ្លាន់ អាញី)ទៅក្នុងធម្មជាតិបានចំនួន ២៥ក្បាល” ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិកា និងជាអ្នកដឹកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថា ខេត្តកំពង់ធំគឺជាខេត្តទី៥ដែលក្រសួងបរិស្ថានបានដឹកនាំបើកយុទ្ធនាការអន្ទាក់សូន្យដោយមានការចូលរួមពីអង្គការដៃគូបន្ទាប់ពីខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី និងខេត្តកំពង់ធំ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យធ្វើរហូតដល់ពេលនេះ គឺមានរយៈពេល ៥ខែ ហើយដែលរយៈពេល ៥ខែនេះឃើញលទ្ធផលវិជ្ជមានជាច្រើន តាមរយៈលទ្ធបានមកពីយុទ្ធនាការអន្ទាក់សូន្យនៅក្នុងនោះគឺទី១.ការយល់ដឹងរបស់សាធារណៈជនពីផលប៉ះពាល់នៃអន្ទាក់។ទី២.ចូលរួមការកាត់បន្ថយការហូបសាច់សត្វ ។៣.ទទួលដឹងថាសាច់សត្វអាចផ្ទុកមេរោគដែលប៉ះពាល់ដល់សុខភាព ដែលវាមិនមែនជាថ្នាំប៉ូវ ឬថ្នាំជំនួយសុខភាពទេ និងទី៤.ធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹងពីយុទ្ធនាការអន្ទាក់សូន្យមានគោលបំណងសំខាន់ក្នុងការធ្វើឱ្យជីវចម្រុះមានសុវត្តិភាពជាដើម ។
គួរបញ្ជាក់ថា ខេត្តកំពង់ធំមានតំបន់ការពារធម្មជាតិចំនួន០៦កន្លែង គឺ ១)ដែនជម្រកសត្វព្រៃព្រៃឡង់ ២)ដែនជម្រក សត្វព្រៃបឹងពែរ ៣)តំបន់រ៉ាមសារបឹងទន្លេឆ្មារ ៤)តំបន់រ៉ាមសារស្ទឹងសែន ៥) តំបន់ការពារទេសភាពខាងជើង បឹងទន្លេសាប ដែលត្រូវបានគេស្គាល់ថាជាតំបន់អភិរក្សសត្វខ្សឹប និង៦) តំបន់ការពារទេសភាពសំបូរព្រៃគុក ដែលមានផ្ទៃដីសរុបចំនួន ២៨០.៨៨៩,០៣ ហិកតា ៕ ដោយ៖ម៉ាដេប៉ូ









