តារាចម្រៀង មាសសុខសោភាព៖យុវជនកាន់តែច្រើនបានយល់ដឹងពីបរិស្ថាន ហើយស្រឡាញ់និងចូលរួមអភិរក្សធនធានធម្មជាតិ
ខេត្តកំពង់ធំ ៖ កំពូលតារាចម្រៀង មាស សុខសោភាបានលើកឡើងថាបច្ចុប្បន្នតាមរយៈការបំផុសចលនាឱ្យប្រជាពលរដ្ឋចូលរួមអភិរក្សធនធានធម្មជាតិ ការថែរក្សាព្រៃឈើ និងសត្វព្រៃ បានធ្វើឱ្យយុវជនកាន់តែច្រើនបានយល់ដឹងពីបរិស្ថាន និងពួកគេកាន់តែមានការស្រឡាញ់ ហើយនិងចូលរួមអភិរក្សធនធានធម្មជាតិច្រើនឡើង។
ការលើកឡើងរបស់តារាចម្រៀងមានឈ្មោះបោះសម្លេង និងជាអ្នកសិល្បៈស្រឡាញ់បរិស្ថានដោយបានចូលរួមកិច្ចការពារធនធានធម្មជាតិជាច្រើនកន្លងមក រូបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យនៅខេត្តកំពង់ធំ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
តារាចម្រៀងស្រីដ៏លេចធ្លោ មាស សុខសោភា ក្នុងពិធីនេះបានបង្ហាញការប្តេជ្ញាចិត្តបន្ថែមទៀតដល់អ្នកគាំទ្ររបស់ខ្លួន ចូលរួមយុទ្ធនាការអភិរក្សធនធានធម្មជាតិ ទ្រង់ទ្រាយធំ ដើម្បីបញ្ជ្រាបការយល់ដឹងពីតម្លៃធនធានធម្មជាតិ ហើយឱ្យពួកគាត់រួមគ្នានូវសម្បត្តិធនធានធម្មជាតិមិនអាចកាត់ថ្លៃបានទាំងអស់នេះដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយបន្តទៀត។
ឆ្លងតាមរយៈការរីករាលដាលនៃជំងឺកូវីដ១៩កន្លងមក អ្នកនាងមាសសុខសោភាពបានលើកឡើងថានៅពេលត្រូវសម្ងំនៅផ្ទះ ហើយមានឱកាសចេញមកបានមើលធម្មជាតិឡើងវិញ បានធ្វើឱ្យអ្នកនាងចាត់ទុកបរិស្ថានគឺជាព្រះ ហើយការបាត់បង់ព្រៃឈើប្រៀបដូចការបាត់បង់អាយុជីវិតរបស់សត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃដូច្នេះដែរ។
ក្នុងពិធីនេះដែរ អ្នកនាងមាសសុខសោភាបានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមបញ្ឈប់ការដាក់អន្ទាក់ ដើម្បីចាប់សត្វព្រៃ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ហើយនាំគ្នាងាកមកចូលរួមថែរក្សាធនធានធម្មជាតិ។
ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងថាការចូលរួមពីសិល្បករ សិល្បការិនី គឺជាផ្នែកមួយដែលសំខាន់ដោយសាតែសិល្បករ សិល្បការិនី មានអ្នកគាំទ្រច្រើន ដូច្នេះ ការអំពាវនាវពីសំណាក់ពួកគាត់ទៅកាន់អ្នកគាំទ្រ អាចមានប្រសិទ្ធភាពកាន់តែខ្លាំងក្លាយបន្ថែមទៀត ដែលនេះជាវិធីសាស្ត្រចម្រុះដើម្បីផ្សព្វផ្សាយពីប្រយោជន៍នៃធនធានធម្មជាតិ និងសត្វព្រៃ បន្ថែមលើមន្ត្រីរាជរដ្ឋាភិបាល។
គួរបញ្ជាក់ថាខេត្តកំពង់ធំគឺជាខេត្តទី៥ដែលក្រសួងបរិស្ថានបានដឹកនាំបើកយុទ្ធនាការអន្ទាក់សូន្យដោយមានការចូលរួមពីអង្គការដៃគូបន្ទាប់ពីខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និង ខេត្តកំពង់ធំ ។
សម្រាប់យុទ្ធនាការអន្ទាក់សូន្យធ្វើរហូតដល់ពេលនេះគឺមានរយៈពេល៥ខែ ហើយដែលរយះពេល៥ខែនេះឃើញលទ្ធផលវិជ្ជមានជាច្រើនតាមរយៈលទ្ធបានមកពីយុទ្ធនាការអន្ទាក់សូន្យនៅក្នុងនោះគឺទី១.ការយល់ដឹងរបស់សាធារណៈជនពីផលប៉ះពាល់នៃអន្ទាក់។ទី២.ចូលរួមការកាត់បន្ថយការហូបសាច់សត្វ ។៣.ទទួលដឹងថាសាច់សត្វអាចផ្ទុកមេរោគដែលប៉ះពាល់ដល់សុខភាព ដែលវាមិនមែនជាថ្នាំប៉ូវ ឬថ្នាំជំនួយសុខភាព ទេនិងទី៤.ធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹងពីយុទ្ធនាការអន្ទាក់សូន្យមានគោលបំណងសំខាន់ក្នុងការធ្វើឱ្យជីវចម្រុះមានសុវត្តិភាពជាដើម៕ដោយ៖ម៉ាដេប៉ូ






