ចិនគំរាមសាជាថ្មីក្នុងការវាយប្រហារកោះតៃវ៉ាន់
ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបន្តគំរាមវាយប្រហារតៃវ៉ាន់ បន្ទាប់ពីការលេងល្បែងសង្គ្រាម (ការធ្វើសមយុទ្ធយោធា) ជិតមួយសប្តាហ៍នៅជិតកោះមួយនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការឃុបឃិតរបស់តៃវ៉ាន់ជាមួយកងកម្លាំងខាងក្រៅ ដើម្បីស្វែងរកឯករាជ្យ និងការបង្កហេតុ នឹងបង្កើនល្បឿននៃការស្លាប់របស់ពួកគេ និងរុញច្រានតៃវ៉ាន់ឱ្យធ្លាក់ចូលទៅក្នុងទីជ្រៅនៃគ្រោះមហន្តរាយ។
លោក វ៉ាង បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ការស្វែងរកឯករាជ្យភាពតៃវ៉ាន់របស់ពួកគេ នឹងមិនជោគជ័យឡើយ ហើយការប៉ុនប៉ងណាមួយដើម្បីលក់ផលប្រយោជន៍ជាតិ នឹងត្រូវបរាជ័យទាំងស្រុង។
ការប៉ុនប៉ងរបស់ចិនក្នុងការបំភិតបំភ័យសាធារណជនតៃវ៉ាន់ និងផ្សព្វផ្សាយយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ការទប់ស្កាត់ និងឈ្លានពានកោះនេះ ត្រូវបានជំរុញដោយដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ កាលពីសប្តាហ៍មុន ដោយប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី។
ស្របពេលជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ជប៉ុន និងសម្ព័ន្ធមិត្តបានបរិហារការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់របស់ចិន ដោយក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍មួយនៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ បានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនផងដែរ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា






