ប្រតិភូសហព័ន្ធតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍មកចែករំលែកដល់កម្ពុជា នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣

ក្រុមប្រតិភូសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍បានធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីជួយជ្រោមជ្រែងដល់ការពង្រឹងបច្ចេកទេសរបស់ក្រុមកីឡាករ កីឡាការិនី ក៏ដូចជាចែករម្លែកបទពិសោធថ្មីៗអន្តរជាតិមកជួយដល់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្នុងខណៈដែលកម្ពុជាកំពុងសម្រេចគោលដៅដ៏ធំចម្បងរបស់ខ្លួន ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍នៅប្រទេសកម្ពុជា នាពេលនេះ ក្នុងគោលបំណង ជួយផ្នែកបណ្តុះបណ្តាលកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កម្ពុជា ក៏ដូចជាចែករម្លែកបទពិសោធដល់សហព័ន្ធផងដែរ។
ជាទូទៅសហព័ន្ធអាស៊ីអាគ្នេយ៍តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សមាជិករបស់ខ្លួនទាំងអស់ នៅតាមប្រទេសនីមួយៗក្នុងតំបន់។ ចំពោះដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជានេះ ដើម្បីពង្រឹងផ្នែកបច្ចេកទេស រវាងសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ព្រមទំាងជួយផ្នែកបច្ចេកទេសថ្មីៗ ដែលពិភពលោកបានធ្វើបច្ចុប្បន្នភាព។
ប្រតិភូអាស៊ីអាគ្នេយ៍ក៏បានធ្វើទស្សនកិច្ចនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងអញ្ជើញមើលក្រុមកីឡាករ កីឡាការិនីកម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក ព្រមទាំងបានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកីឡា។ ពួកគាត់ក៏បានថ្លែងអរគុណ ដែលកម្ពុជាបានជួយគាំទ្រឲ្យប្រភេទកីឡាតេក្វាន់ដូ ITF ឲ្យមានមុខមាត់លើឆាកអន្តរជាតិ។ គណៈប្រតិភូចំនួន៤នាក់ មកប្រទេសចំនួន ៣ ដើម្បីជួយផ្តល់នូវបច្ចេកទេសថ្មីៗ ដើម្បីដើរឲ្យទាន់កម្រិតអន្តរជាតិ។
គួរបញ្ជាក់ថា ប្រភេទកីឡាតេក្វាន់ដូ ITF ត្រូវបានដាក់បញ្ជូលនៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ហើយក៏ជាប្រវត្តិសាស្ត្រដំបូងរបស់ប្រភេទកីឡាតេក្វាន់ដូ ITF នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ដ៏ធំរៀងរាល់២ឆ្នាំម្តង ក្នុងរយៈពេល៦៤ឆ្នាំនៃស៊ីហ្គេម ៣២លើក រួមទាំងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។ ជាមួយគ្នានោះ ប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជា (ស្ថិតក្នុងចង្កោមប្រភេទកីឡាយុទ្ធគុនចម្រុះ) កំពុងសម្រួចគោលដៅឲ្យដណ្តើមមេដាយមាស ១៥គ្រឿង តាមសន្ទស្សន៍មេដាយមាសរបស់គណៈកម្មាធិការជាតិ CAMSOC ដែលចំនួនមេដាយមាសនេះ គឺជាចំនួនច្រើនជាងគេ ឈរនៅលំដាប់ទី១នៃប្រភេទកីឡាកម្ពុជាទាំងអស់ ដែលត្រៀមស៊ីហ្គេម ២០២៣៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner