យុទ្ធសាស្រ្តបច្ចេកទេសស្វែងរកឧត្តមភាពនៅស៊ីហ្គេមឆ្នាំ២០២៣ជោគជ័យមួយជំហ៊ានទៀតហើយ បន្ទាប់ពីកិច្ចពិភក្សាធ្វើឡើង២លើក
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការជាតិCAMSOC បានថ្លែងប្រាប់អ្នកព័ត៌មានក្រោយកិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យការងាររបស់សហព័ន្ធកីឡាជាតិ និងផ្នែកពាក់ព័ន្ធ ដើម្បីសម្រេចលើវិញ្ញាសា ក្នុងការដាក់បញ្ចូលទៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នាទីស្នាក់ការកណ្ដាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា អគ្គលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិ CAMSOC បានរៀបចំកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ ដើម្បីដំណើរការនៃផែនការការងារ ដែលដាក់ចេញដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC យើងធ្វើយ៉ាងណាឲ្យខាងជំនាញដែល មានគណៈកម្មាធិការជាតិអូឡាំពិក ក៏ដូចជា ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ត្រូវធ្វើការជាមួយគ្នា ជាមួយនិងសហព័ន្ធជាតិ ដើម្បីមើលឃើញអំពីការវិវឌ្ឍផ្នែកបច្ចេកទេស និងការរៀបចំសហព័ន្ធជាតិក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។
ឯកឧត្តម អគ្គលេខាធិការ បានលើកឡើងថា កិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិថ្ងៃនេះគឺយើងកំណត់វិញ្ញាសា ដែលត្រូវដាក់ចូលក្នុងការប្រកួតប្រភេទកីឡានីមួយៗ ដែលត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានសម្រេចរួចហើយ ដើម្បីយើងទទួលបាននូវធាតុចូលសំខាន់ៗពីគ្រប់ប្រភេទកីឡាទាំងអស់ដោយដាក់វិញ្ញាសារបស់ខ្លួន គឺដើម្បីសប្ដាហ៍ក្រោយនេះ ធ្វើការបង្ហាញក្នុងកិច្ចប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅឯទីក្រុងបាងកក ព្រះរាជណាចក្រថៃអំពីប្រភេទវិញ្ញាសាដែលយើងត្រូវបានសម្រេចដាក់នៅក្នុងស៊ីហ្គេម។
ឯកឧត្តម ពន្យល់ថា កិច្ចប្រជុំនេះយើងបានជម្រះ បានន័យថា យើងបានស្កេនគ្រប់ប្រភេទកីឡាទាំងអស់ឲ្យមានភាពជាក់លាក់ថា វិញ្ញាសាដែលគាត់បានដាក់នេះពិតជាមានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ប្រភេទកីឡារបស់ខ្លួន។ គាត់មានយុទ្ធសាស្ត្រសម្រាប់ស្វែងរកឧត្តមភាព។ គាត់មានយុទ្ធសាស្ត្រសម្រាប់ស្វែងរកសក្ដានុពល ហើយគាត់មានយុទ្ធសាស្ត្រក្នុងការស្វែងរកនូវជ័យលាភីរបស់គាត់។ យើងប្រជុំថ្ងៃនេះ យើងលម្អិតអំពីចំនុចតូចៗណាដែលយើងមិនទាន់យល់គ្នា។ នៅមានភាពស្រពេចស្រពិល មិនទាន់យល់យុទ្ធសាស្ត្រស៊ីជម្រៅ គឺត្រូវបើកកកាយនៅថ្ងៃនេះ។ អ៊ីចឹងសហព័ន្ធទាំងអស់គឺយើងបានទទួលហើយនូវគម្រោង ផែនការ និងការកំណត់ប្រភេទវិញ្ញាសារបស់គាត់បានរួចរាល់អស់ហើយ។ យើងនៅសេសសល់តិចតួច។ យើងនឹងបញ្ចប់នៅថ្ងៃស្អែក ហើយ ដើម្បីថ្ងៃច័ន្ទ យើងយកទៅក្នុងកិច្ចប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក»។
ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា នេះគឺជាជោគជ័យមួយជំហានទៀត សម្រាប់ការរៀបចំផ្នែកបច្ចេកទេស និងស្វែងរកឧត្តមភាពក្នុងការប្រកួតកីឡាស៊ីហ្គេម ដោយមានការណែនាំបន្ថែមដល់សហព័ន្ធ ត្រូវយកចិត្តទុកដាក់មើលការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិ ជម្រុញខាងផ្នែកចិត្តសាស្ត្រ ជម្រុញខាងផ្នែកការគាំទ្រ ជម្រុញខាងផ្នែកការហ្វឹកហាត់កម្លាំងកាយ ទាំងបច្ចេកទេស ឲ្យបានស្របគ្នា ព្រោះកីឡាករ កីឡាការិនី គឺជាតួឯកនៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣។
បើយោងតាម ការបញ្ជាក់ពី ឯកឧត្តម អគ្គលេខាធិការcamsoc ថា កម្ពុជាត្រៀមដាក់ជាង៥០០វិញ្ញាសាសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គួររំលឹកថា កិច្ចប្រជុំប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កាលពីខែកក្កដា ឆ្នាំ២០២២ នៅកម្ពុជាបានសម្រេចដាក់ វិញ្ញសាប្រកួត ជាង៥០០ ដែលមានប្រភេទកីឡាទាំង៣៩ ៕ជាវ ចន្ធូ





