កម្ពុជាបញ្ជាក់ជូនគណៈប្រតិភូសភាអាមេរិកអំពីការមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា និងសំណុំរឿងសកម្មជននយោបាយ

ភ្នំពេញ៖ ពាក់ព័ន្ធជាមួយមូលដ្ឋានយោធានៅសមុទ្ររាម ភាគីកម្ពុជា បានបញ្ជាក់ឡើងវិញជូនគណៈប្រតិភូសភាអាមេរិកថា មិនមាន និងមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជានោះឡើយ។ ករណីពាក់ព័ន្ធសំណុំរឿងសកម្មជននយោបាយនានា គឺជាការអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជនល្មើសទូទៅ ហើយជាសមត្ថកិច្ចរបស់តុលាការ និងមិនមែនជាការបំពានទៅលើសិទ្ធិនយោបាយ និងបញ្ចេញមតិរបស់សកម្មជនទាំងនោះទេ។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងភាគីកម្ពុជាដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា សមាជិកសភា និងមន្ត្រីជាន់ខ្ពស់សភា រួមជាមួយតំណាងរាជរដ្ឋាភិបាល ជាមួយគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយ ឯកឧត្តម Edward J. Markey សមាជិកព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។ ជំនួបពិភាក្សានេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការ នៃសភាទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា បានឱ្យដឹងថា ក្នុងការពិភាក្សាពាក់ព័ន្ធជាមួយមូលដ្ឋានយោធានៅសមុទ្ររាម ភាគីកម្ពុជាបានបញ្ជាក់ឡើងវិញនូវអ្វីដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនថា មិនមាន និងមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជានោះឡើយ។ រីឯករណីពាក់ព័ន្ធសំណុំរឿងសកម្មជននយោបាយនានា នោះគឺជាការអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជនល្មើសទូទៅ ហើយជាសមត្ថកិច្ចរបស់តុលាការ និងមិនមែនជាការបំពានទៅលើសិទ្ធិនយោបាយ និងបញ្ចេញមតិរបស់សកម្មជនទាំងនោះទេ។

ទន្ទឹមនេះភាគកីម្ពុជាក៏បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដោយរំលេចអំពីទស្សនកិច្ចដ៏ជោគជ័យរបស់ឯកឧត្តម Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកមកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ភាគីកម្ពុជាក៏បានបញ្ជាក់អំពីគោលនយោបាយការបរទេសឯករាជ្យ និងអព្យាក្រឹតដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន ដោយផ្អែកលើរដ្ឋធម្មនុញ្ញកម្ពុជា។

ប្រភពដដែលបានបន្តថា គណៈប្រតិភូសភាអាមេរិកបានថ្លែងអំណរគុណចំពោះរដ្ឋសភាកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានសម្តែងនូវការសាទរចំពោះជំហរកម្ពុជាពាក់ព័ន្ធវិបត្តិនៅអ៊ុយក្រែន និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់កម្ពុជាក្នុងការរកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ហើយលើកទឹកចិត្តដល់កម្ពុជាខិតខំប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនចូលរួមដោះស្រាយបញ្ហានានាក្នុងតំបន់ផងដែរ។ គណៈប្រតិភូក៏បានទទួលស្គាល់នូវការអភិវឌ្ឍជឿនលឿនដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាកន្លងមកនេះ។

ជារួមគណៈប្រតិភូសភាសហរដ្ឋអាមេរិកបានបញ្ជាក់ពីបំណងរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិក មកទីនេះគឺដើម្បីធ្វើជាដៃគូររបស់កម្ពុជា បង្កើនកិច្ចសហការនិងជួយគាំទ្រកម្ពុជាសម្រេចឱ្យបាននូវសក្តានុពលអភិវឌ្ឍន៍របស់ខ្លួន ដោយយកលទ្ធិប្រជាធិបតេយ្យជាមូលដ្ឋានគន្លឹះ តាមរយៈការរបង្កើនតម្លាភាពកាន់តែពេញលេញ លើការអភិវឌ្ឍនានា។

ភាគីកម្ពុជាបានសម្តែងការស្វាគមនដ៏កក់ក្តៅដល់គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដោយបានជម្រាបជូនពីដំណើរការរៀបចំបែបបទជូនសភាសហរដ្ឋអាមេរិកជាអ្នកសង្កេតការផ្លូវការរបស់អាយប៉ាក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាជាប្រធាននិងជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ ហើយក៏ធ្វើបទបង្ហាញអំពីដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសចាប់ពីឆ្នាំ១៩៩៨ ដែលកម្ពុជាទទួលបានសន្តិភាពពេញលេញ។ ភាគីកម្ពុជាបានលើកបង្ហាញអំពីអាយុជាមធ្យមរបស់ប្រជាជនខ្មែរ បានកើនពី៥៦ឆ្នាំនៅឆ្នាំ១៩៩៨ មកដល់៧០ឆ្នាំ នៅឆ្នាំ២០២២ នេះជាការឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខភាពសាធារណៈជាដើម ដោយទទួលបានការជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្តដូចជា ជប៉ុន ចិន កូរ៉េ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងដៃគូរអភិវឌ្ឍន៍អន្តរជាតិនានា។ ជាក់ស្តែងក្រោមជំនួយរបស់ជប៉ុន កម្ពុជាបាននិងកំពុងធ្វើទំនើបកម្មកំពង់ផែក្រុងព្រះសីហនុ ដើម្បីឱ្យភ្ជាប់ការដឹកជញ្ជូនដោយផ្ទាល់ពីកម្ពុជា ទៅសហរដ្ឋអាមេរិក។ កម្ពុជាចង់ឃើញទំនាក់ទំនង និងកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកដែលរឹងមាំ និងច្រើនជាងសព្វថ្ងៃ ក៏ដូចជាការវិនិយោគពីបណ្តាក្រុមហ៊ុនសហរដ្ឋអាមេរិកច្រើនបន្ថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner