លោក សួន សេរីរដ្ឋា រិះគន់អ្នកវិភាគមួយចំនួនស៊ីឈ្នួលបរទេសចោទប្រកាន់ និងលាបពណ៌មកលើកម្ពុជារឿងមូលដ្ឋានយោធានៅសមុទ្ររាម
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា បានរិះគន់ទៅលើអ្នកវិភាគមួយចំនួនស៊ីឈ្នួលបរទេសដែលកំពុងតែចោទប្រកាន់ និងលាបពណ៌មកលើកម្ពុជាទាំងគ្មានភស្តុតាង ទាំងអយុត្តិធម៌ រឿងមូលដ្ឋានយោធានៅសមុទ្ររាម។ បញ្ហានេះជាញឹកញាប់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ បានបើកចំហ គឺការអនុញ្ញាតឱ្យសេនាអនុព័ន្ធយោធាអាមេរិក អ្នកកាសែត និងមន្ត្រីបរទេសមួយចំនួនចូលទៅទស្សនកិច្ចចូលទៅមើលដល់ទីតាំងកំពង់ផែជើងទឹករបស់កម្ពុជានៅដែនសមុទ្ររាម។
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១៦ ខែសីហានេះថា អ្នកវិភាគ អ្នកបញ្ចេញទស្សនៈយោបល់ទាក់ទងដំណើរទស្សនកិច្ចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ គឺហាក់ដូចជាកំពុងតែបញ្ចេញអារម្មណ៍ខ្វាយខ្វល់កង្វល់លើសពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅទៀត ពីព្រោះកម្ពុជា និងអាយុជីវិតរបស់ប្រជាពលរដ្ឋរាប់លាននាក់ គឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់សម្តេចតេជោ ហ៊ុន សែន មិនមែនស្ថិតនៅលើបបូរមាត់អ្នកវិភាគមាត់វែង មាត់ខ្លី មាត់អាក្រក់ ដែលលើកឡើងខ្វាយខ្វល់ជំនួសចៅហ្វាយនាយរបស់ពួកគេនៅឯនាយសមុទ្រនោះទេ។

លោកបន្តថា អ្វីដែលចង់បញ្ជាក់នៅពេលនេះ គឺចង់ប្រាប់ឱ្យដឹងថា វាគឺជារឿងធម្មតាអំពីដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ឬក៏មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលទៅធ្វើទស្សនកិច្ចនៅប្រទេសណាមួយដែលជាមិត្ត ដែលជាសម្ព័ន្ធមិត្ត គឺជារឿងធម្មតានៅក្នុងការផ្លាស់ប្តូរបទពិសោធន៍ ឬក៏ពង្រឹងកិច្ចសហប្រតិបត្តិការ។ កម្ពុជា-ចិន គឺបានបង្ហាញ និងបញ្ជាក់យ៉ាងច្បាស់ហើយថា ជាមិត្តដែកថែបនឹងគ្នា។ ដំណើរទស្សនកិច្ចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមជាប្រមុខការពារជាតិកម្ពុជាដែលទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ក៏បានប្រកាសច្បាស់អំពីការកសាងនូវសហប្រតិបត្តិការ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យរឹតតែជិតស្និទ្ធថែមទៀតលើសពីអ្វីដែលមានស្រាប់ គឺជាមិត្តដែកថែបនឹងគ្នា។ ដូច្នេះចំពោះអ្នកវិភាគ អ្នកអត្ថាធិប្បាយ អ្នកដែលសម្តែងមតិខ្វាយខ្វល់មួយចំនួនដែលបានលើកឡើងតាមបណ្តាញព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុក អំពីវិស័យសន្តិសុខរបស់កម្ពុជា ពាក់ព័ន្ធទៅនឹងវិស័យយោធាកម្ពុជា-ចិន វាគឺជាការលើកឡើងលើសពីព្រំដែនកំណត់ ពីព្រោះនៅក្នុងប្រទេសនីមួយៗ វិស័យសន្តិសុខជាតិ វិស័យយោធារបស់ប្រទេសនីមួយៗ មិនមែនអ្នកណាម្នាក់ចេះតែនិយាយបានដោយមិនដឹងខ្យល់ទេ។ កិច្ចការនេះ គឺជាកិច្ចការសម្ងាត់សន្តិសុខជាតិរបស់ប្រទេសជាតិដែលមានតែថ្នាក់ដឹកនាំធំៗទេ ដែលជាអ្នកសម្រេច និងជាអ្នកត្រូវធ្វើកិច្ចការនឹង។ ខ្លួនឯងជាអ្នកវិភាគ ជាអ្នកអត្ថាធិប្បាយតាមបណ្តាញសារព័ត៌មានមិនគួរយកបញ្ហានេះ យកមកធ្វើជាប្រធានបទ ជាដើមចម ដើម្បីអត្ថាធិប្បាយ ចេះតែឆ្លើយតបទៅនឹងបណ្តាញព័ត៌មានគ្រប់ប្រភេទដែលសួរខ្លួន ហើយលើកឡើងបន្តុកបន្តាក់អំពីទំនាក់ទំនងកម្ពុជា-ចិន និងទំនាក់ទំនងកម្ពុជា-អាមេរិក តាមតែបបូរមាត់របស់ខ្លួន មិនមែនជាអ្នកបញ្ញវន្តអ្នកចេះដឹងត្រឹមត្រូវ ដែលជួយគិតគូរអំពីសន្តិសុខអនាគតប្រទេសជាតិទេ មានន័យថា ជាបុគ្គលជាអ្នកលូកលាន់កិច្ចការផ្ទៃក្នុងសន្តិជាតិរបស់ជាតិសាសន៍ខ្លួនឯង។ បើសិនជានៅអាមេរិក ឬក៏នៅប្រទេសអឺរ៉ុប ដែលជាចៅហ្វាយរបស់ពួកគាត់នោះ ប្រហែលជាត្រូវបានផ្តន្ទាទោសអំពីបទលូកលាន់កិច្ចការសន្តិសុខជាតិរបស់ប្រទេសទៅហើយ។ ប៉ុន្តែនៅកម្ពុជាសេរីភាពក្នុងការនិយាយ ក្នុងការវិភាគ ដែលផ្តល់ឱ្យអ្នកដែលដើរតួអះអាងថាខ្លួនឯងជាអ្នកវិភាគ គឺថាវាទូលំទូលាយខ្លាំងពេក រហូតដល់ទៅអ្នកទាំងនោះអ្នកអ្វីក៏អាចនិយាយបានដែរ។ មិនត្រឹមតែទូលំទូលាយនិយាយអ្វីក៏និយាយបានដែរ បើសិនជារាជរដ្ឋាភិបាលយកវិធានការច្បាប់ណាមួយតឹងតែងយកមកអនុវត្តភ្លាម គឺថាចោទប្រកាន់ថា រាជរដ្ឋាភិបាលបំបិទមាត់បំបិទសេរីភាពភ្លាមតែម្តង។ ប៉ុន្តែខ្លួនេងនិយាយលើសព្រំដែនកំណត់។ ដូច្នេះបញ្ហានេះ ខ្លួនឯងអត់យល់ទាល់តែសោះអំពីទំនាក់ទំនងអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ឬពហុភាគីរបស់ប្រទេសនីមួយៗ នៅពេលដែលគេចងសម្ព័ន្ធមិត្តកិច្ចការទូតយ៉ាងដូចម្តេច ហើយគ្រាន់តែលើកបញ្ហាមួយជ្រុងតូចដែលខ្លួនឯងមើលឃើញតែមិនស៊ីជម្រៅកិច្ចការផ្ទៃក្នុងទាល់តែសោះយកមកនិយាយ។
ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានសង្កត់ធ្ងន់ថា “ការនិយាយរបស់អ្នកវិភាគទាំងនោះ គឺគ្រាន់តែបម្រើឱ្យភាគីម្ខាង គឺដើម្បីបម្រើឱ្យភាគីសហរដ្ឋអាមេរិក ដែលកំពុងតែចោទប្រកាន់ និងលាបពណ៌មលលើកម្ពុជាទាំងគ្មានភស្តុតាង ទាំងអយុត្តិធម៌ ហើយដែលបញ្ហានេះជាញឹកញយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការពារជាតិ បានបើកចំហអស់ហើយ គឺការអនុញ្ញាតឱ្យសេនាអនុព័ន្ធយោធាអាមេរិក អ្នកកាសែត និងមន្ត្រីបរទេសមួយចំនួនចូលទៅទស្សនកិច្ច ចូលទៅមើលដល់ទីតាំងកំពង់ផែជើងទឹករបស់កម្ពុជានៅដែនសមុទ្ររាម។ វាអត់មានអ្វីដែលបញ្ជាក់ថា ទីនោះគឺជាទីតាំងដែលកម្ពុជាផ្តល់ឱ្យចិនដើម្បីដាក់កម្លាំងកងទ័ព អត់មានអ្វីជាភស្តុតាងទាល់តែសោះ គឺដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធកងទ័ពជាតិរបស់កម្ពុជាដើម្បីធានាដល់សន្តិសុខជាតិរបស់កម្ពុជា។ មេដឹកនាំណាដែលឡើងដឹកនាំប្រទេស ហើយមិនគិតពីសន្តិសុខជាតិរបស់ខ្លួនឯង។ ក្នុងឋានៈជាមេដឹកនាំ គឺសំខាន់ណាស់ ដើម្បីការពារសន្តិភាពរបស់ប្រជាជាតិ ដើម្បីពង្រីកនៅការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីធានាបាននូវស្ថេរភាពនយោបាយ និងធានាបាននូវសុវត្ថិភាពសម្រាប់អ្នកវិនិយោគរកស៊ីក្នុងប្រទេសរបស់ខ្លួន គឺត្រូវពង្រឹងវិស័យការពារជាតិ សន្តិសុខជាតិហ្នឹងហើយ។ អ្វីៗទាំងអស់ដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកកម្ពុជាបានធ្វើ គឺដើម្បីប្រយោជន៍ជាតិ ប្រយោជន៍ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា។
ប្រភពដដែលបានបញ្ជាក់ថា “សហរដ្ឋអាមេរិកបានលើកបញ្ហាហ្នឹងជាញឹកញយ ចំណែកឯក្រុមមនុស្សមួយចំនួនដែលដើរតួជាអង្គការសង្គមស៊ីវិលក្តី អ្នកវិភាគក្តី អ្នកអត្ថាធិប្បាយក្តីដែលស៊ីលុយអាមេរិក តែងតែយកប្រធានបទនឹងមកបន្ទរ ហើយចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាទាំងខ្លួនឯងអត់ដឹងខ្យល់អីទាំងអស់ និងបំផ្លាញសន្តិសុខជាតិ ភាពរឹងមាំរបស់សន្តិសុខជាតិរបស់ប្រទេសខ្លួនឯង។ លោក សួន សេរីរដ្ឋា បានបន្តថា ទាក់ទងដំណើរទស្សនកិច្ចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជាដែលធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិន គឺអត់មានលាក់លៀមទេ ហើយកម្ពុជាបានបញ្ជាក់ជំហរយ៉ាងច្បាស់ហើយថា កម្ពុជាធ្វើជាមិត្តរបស់មហាអំណាចទាំងអស់មិនថាមហាអំណាចសេរី មហាអំណាចកុម្មុយនីស្ត និងធ្វើជាមិត្តរបស់ប្រទេសទាំងអស់លើពិភពលោក៕
ដោយ៖ពលជ័យ