គម្រោងស្រូវ និរន្តរភាព បានជួយបង្កើន ជីវភាពគ្រួសាររបស់ប្រជាសហគមន៍កាន់តែប្រសើរ
ខេត្តកំពង់ធំ ៖ គិតរហូតមកដល់ពេលនេះគម្រោងស្រូវ និរន្តរភាពដែលត្រូវបានប្រជាសហគមន៍ធ្វើការដាំកាន់តែច្រើនឡើង គឺជាមធ្យោបាយមួយជួយឱ្យកសិករអាចរកប្រាក់កម្រៃសម្រាប់ផ្តត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
ក្នុងដំណើរទស្សនកិច្ច នៅ ខេត្តកំពង់ធំ និងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដែលបានរៀបចំឡើងនាទីរួមខេត្តកំពង់ធំ កាលពីពេលថ្មីៗមកនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា ការចូលរួមអនុវត្តស្រូវនិរន្តរភាពនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើនចំណូល និងមុខរបរថ្មីដល់សហគមន៍ សំដៅកាត់បន្ថយភាពសម្ពាធទៅលើ ធនធានធម្មជាតិ។ជាមួយនឹងលទ្ធផលទទួលបានល្អប្រសើរនៃការអនុវត្តគម្រោងស្រូវ និរន្តរភាពក្រសួងបរិស្ថាន ចង់ឲ្យមានមានការពង្រីកគម្រោងនេះ ទៅតំបន់ជុំវិញបឹងទន្លេសាប ត្បិតសត្វស្លាបជាច្រើនដែលត្រូវអភិរក្ស ។
យ៉ាងណាក្តី ឯកឧត្តម បានថ្លែងដែរថា “ចំពោះប្រជាសហគមន៍ ដែលអាចចូលរួមអនុវត្តគម្រោងស្រូវនិរន្តរភាពនេះបាន គឺត្រូវភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួនចំបងៗគឺ ការមិនទន្ទ្រានដី បន្ថែម មិនបរបាញ់ ដាក់អន្ទាក់សត្វព្រៃ ជាពិសេសសត្វខ្សិប ហើយតាមរយៈការអនុវត្តគម្រោងនេះពួកគាត់ក៏បានចំណូលពីសត្វខ្សឹបថែមទៀត”។
ទាក់ទិនក្នុងរឿងនេះ លោក តឹក គឹមសុង អ្នកសម្របសម្រួលគម្រោងស្រូវនិរន្តរភាពនៃអង្គការ WCS បានបញ្ជាក់ប្រាប់ថា ប្រជាសហគមន៍មានប្រមាណជាង ៣០០គ្រួសារ បាននិងកំពុងអនុវត្តគម្រោងស្រូវនិរន្តរភាព ហើយពួកគាត់កំពុងទទួលបានផលល្អប្រសើរជារៀងរាល់ឆ្នាំ។ គម្រោងស្រូវនិរន្តរភាព ត្រូវបានអនុវត្តនៅតំបន់អភរិក្សសត្វខ្សឹបចំនួន ៦កន្លែង ដោយភាគច្រើននៅខេត្តកំពង់ធំ ដែលមានវត្តមានសត្វខ្សឹបច្រើនជាងគេ ។
ដោយឡែកអ្នកស្រី តែន សុឃី ជាកសិករដែលបានអនុវត្តនូវគម្រោងស្រូវនិរន្តរភាពនៅក្នុងភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមអនុវត្តស្រូវនិរន្តរភាពនេះចាប់តាំងពីឆ្នាំ២០១៦មក នៅលើផ្ទៃដី ៦៨អា ដោយក្នុងមួយរដូវទទួលបានទិន្នផលចន្លោះពី១តោន ទៅ២តោន។ ក្រោយប្រមូលផលបាន ខាងគម្រោងទទួលទិញ ក្នុងមួយគីឡូក្រាម តម្លៃពី១១០០ -១២០០រៀល ហើយដែលជាតម្លៃមួយខ្ពស់ជាងស្រូវធម្មតា ។ ការដាំដុះស្រូវនេះងាយលក់បានតម្លៃខ្ពស់ ហើយក៏ជាការលើកទឹកចិត្តដល់កសិករ ក្នុងការងារចូលរួមអភិរក្សសត្វខ្សឹបនៅក្នុងតំបន់នេះផងដែរ។
អ្នកស្រីបានឱ្យដឹងថា កសិករចាប់តាំងពីបានដាំដុះស្រូវនេះមកមិនជួបការលំបាកលក់ទេ ហើយតម្លៃទៀតសោតក៏ខ្ពស់គ្រាន់បើជាងស្រូវធម្មតាដែលបានតម្លៃក្រោម១០០០រៀលក្នុងមួយគីឡូក្រាម។ក្រៅពីនេះការដាំដុះស្រូវ និរន្តរភាពបែបធម្មជាតិ មិនត្រឹមជួយដល់សត្វព្រៃទេ នៅពេលអ្នកបរិភោគទិញយកទៅបានជួយដល់សុខភាពថែមទៀត។
គួរបញ្ជាក់ថា ក្នុងគម្រោងស្រូវនិរន្តរភាពនេះដែរ កំពុងបាននិងពង្រីកនៅតំបន់ផ្សេងទៀតនៅជុំវិញបឹងទន្លេសាប មានដូចជានៅបារាយតាំងគោកដែលមានប្រជាពលរដ្ឋចំនួន ៦០០គ្រួសារ និងបន្តពង្រីកទៅស្រុកកំពង់ស្វាយ និងស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកបាកាន ខេត្តពោធិសាត់ ក្នុងគោលបំណងពង្រីកវិសាលភាពសត្វខ្សឹប ដែលត្រូវបានប៉ាន់ប្រមាណថា មានប្រហែល ៥៥០ក្បាលនៅកម្ពុជា ស្នើនឹង ៧០ភាគរយ នៃចំនួនដែលកំពុងមានវត្តមាននៅលើពិភពលោកប្រមាណជាង ៨០០ក្បាលប៉ុណ្ណោះ ៕ដោយ៖ ម៉ាដេប៉ូ






