គ្រូបង្គោលថ្នាក់តំបន់ មកពីខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលពីក្រសួងកិច្ចការនារី

ខេត្តស្ទឹងត្រែង៖ អំពើជួញដូរមនុស្សគឺជាការរំលោភបំពានលើសិទ្ធិជាមូលដ្ឋានរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ និងផ្ដល់នូវទុក្ខវេទនាដល់ជនរងគ្រោះ និងក្រុមគ្រួសារព្រមទាំងដាក់បន្ទុកផ្នែកសេដ្ឋកិច្ចនិងសង្គមទូទៅទៀតផង ។ បច្ចុប្បន្ននេះ ស្ត្រីនិងកុមារ មានហានិភ័យខ្ពស់ប្រឈមនិងអំពើជួញដូរផ្លូវភេទ អាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាពិសេសក្នុងចំណោមស្ត្រីបម្រើការងារតាមផ្ទះជាដើម ។

នេះជាប្រសាសន៍លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចនារី ថ្លែងក្នុងពិធីបើកវគ្គបណ្តុះ បណ្តាលស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា កាលពីព្រឹកថ្ងៃទី១៦ សីហាម្សិលម៉ិញ នៅសាលាខេត្តស្ទឹងត្រែង ។

លោកជំទាវអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា តាមរយៈការបង្កើតយន្តការថ្នាក់ជាតិ ឯកសារគតិយុទ្ធ គោលនយោបាយ និងកម្មវិធីជាតិជាច្រើន ដើម្បីដោះស្រាយបញ្ហានេះ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រងប្រតិបត្តិករពាក់ព័ន្ធទាំងអស់ ទាំងកម្រិតថ្នាក់ជាតិ ក៏ដូចជាអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ។

សូមបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលនេះ មានលោកស្រីប្រធាន អនុប្រធានមន្ទីរកិច្ចការនារី មកពីខេត្តចំនួន៩គឺ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ.ខេត្តកំពង់ចាម ខេត្តកណ្តាល និងតាកែវ ៕ ដោយ៖ដេង ម៉ាវិន

ads banner