អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ត្រូវបានទទួលស្គាល់ជាសហគ្រិនឆ្នើមប្រចាំឆ្នាំជាថ្មីម្តងទៀត

ភ្នំពេញ ៖ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានទទួលពានរង្វាន់ Gold Stevie® Award ជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងប្រភេទសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយជាលើកទី២ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិប្រចាំឆ្នាំលើកទី១៩ ដែលជាកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាព។

បន្ថែមពីនេះ ក្រុមហ៊ុនក៏បានឈ្នះពានរង្វាន់ Bronze Stevie® Awards ក្នុងប្រភេទ ក្រុមហ៊ុនប្រចាំឆ្នាំ និងក្នុងប្រភេទ សាជីវកម្មដ៏មានការទទួលខុសត្រូវសង្គមបំផុតឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ផងដែរ។ នេះក៏ជាការបានទទួលកំណត់ត្រាឈ្នះពានរង្វាន់ចំនួន១០ ជាប់ៗគ្នា។

អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាសហគ្រិនកម្ពុជាមួយរូប គឺជាស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ខ្លួនក្នុងការផ្ដោតសំខាន់ទៅលើវិស័យស្នូលសំខាន់ៗចំនួន៣ ដែលរួមមាន ការអភិវឌ្ឍវិស័យអចលនទ្រព្យ ការផ្ដល់ជូនសេវាកម្មហរិញ្ញវត្ថុ និងការបម្រើសេវាអតិថិជន។ លោកក៏ជាស្ថាបនិកនៃ មូលនិធិព្រីនស៍ ដែលជាមូលនិធិសាជីវកម្មដីល្បីមួយដែលបានផ្តួចផ្ដើមនូវសកម្មភាពសង្គមនានាក្នុងការរួមចំណែកលើកកម្ពស់ការអប់រំ ការថែទាំសុខភាព និងការចូលរួមក្នុងសហគមន៍តាមរយៈភាពជាដៃគូជាមួយវិស័យសាធារណៈ និងឯកជន។

ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងផ្សេងៗនៅប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិធានការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនៅកម្ពុជា ក្នុងការកាត់បន្ថយឱ្យមានការរំខានដល់អាជីវកម្មតិចតួចបំផុតសម្រាប់ការបញ្ចប់គម្រោងផ្សារទំនើប លំនៅដ្ឋាន និងពាណិជ្ជកម្មឱ្យបានទាន់ពេលវេលានៅទូទាំងប្រទេសកម្ពុជា ទោះបីមានវិបត្តិនៃជំងឺរាតត្បាតក៏ដោយ។

អ្នកឧកញ៉ា ចេន ហ្ស៊ី ទទួលបានការគាំទ្រពីសំណាក់ក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់លំដាប់អន្តរជាតិដែលដឹកនាំលើវិស័យធនាគារ (ធនាគារ Prince Bank) សេវាអាកាសចរណ៍ (ក្រុមហ៊ុន Cambodia Airways) សេវាអចលនទ្រព្យ (ក្រុមហ៊ុន Prince Real Estate, ក្រុមហ៊ុន Prince Huan Yu Real Estate, ក្រុមហ៊ុន Canopy Sands Development) និងសេវាគ្រប់គ្រងលើការវិនិយោគ (ក្រុមហ៊ុន Belt Road Capital, ក្រុមហ៊ុន Awesome Investment Group)

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ពានរង្វាន់ទាំងនេះបង្ហាញពីឆន្ទៈ និងការតស៊ូរបស់យើងក្នុងគោលបំណងធ្វើឱ្យមានភាពខុសគ្នាជាវិជ្ជមានទៅកាន់សង្គមកម្ពុជា”។ លោកបានបន្តថា “រាល់កិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់នឹងមិនអាចកើតឡើងបានទេបើគ្មានការគាំទ្រពីសហគមន៍ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុនដែលជាសមាជិករបស់សម្ព័ន្ធក្រុមហ៊ុន”។

កាលពីឆ្នាំមុន អ្នកឧកញ៉ា ចេន ហ្ស៊ី បានចុះហត្ថលេខាលើការចាប់ផ្តើមនៃកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគំនិតផ្តួចផ្តើមមួយដែលមូលនិធិរបស់ក្រុមហ៊ុន បានធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នឧត្តមសិក្សាកំពូលៗក្នុងស្រុក ដើម្បីចាប់ផ្តើមកម្មវិធីអាហារូបករណ៍ដែលមានទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក សម្រាប់សិស្ស ៤០០នាក់ ដែលកម្មវិធីនេះមានរយៈពេល ៧ឆ្នាំ ៕ ដោយ :គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner