អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ឯក ហ៊ុន ឡា ដែលជួបទុក្ខលំបាក ដោយសារភ្លើងឆេះផ្ទះ
ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពី ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃ ព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២នេះ ថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១៧ ខែសីហាម្សិលមិញនេះ បានចាត់ក្រុមការងារ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន ចូលរួមចំណែកសម្រាលទុក្ខលំបាកដល់គ្រួសារ លោកអនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលជួបទុក្ខ ដោយសារអគ្គិភ័យឆាបឆេះគេហដ្ឋាន។
ជាមួយគ្នានោះ ក្រុមការងារ ក៏បាននាំយកថវិកាចំនួន ៤លានរៀល, ស័ង្គសី ៥០សន្លឹក, អង្ករ ២បាវ, មី ១កេសធំ, ទឹកសុទ្ធ ២កេស, ត្រីខកំប៉ុង ២យួរ, ទឹកត្រីទឹកសុីអុីវ ២យួរ។ សូមជម្រាប់ថា អំណោយរបស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ រួមមាន៖ អង្ករ ២បាវ, មី ២កេសតូច, ទឹកស៊ីអុីវ ២យួរ, ទឹក ត្រី ២យួរ, ត្រីខកំប៉ុង ១កេស, ទឹកសុទ្ធ ៥កេស ទឹកក្រូច ២កេស និងថវិកា ១លាន ៧៣ម៉ឺនរៀល ព្រមទាំង សាលាខណ្ឌដូនពេញ បានជួយឧបត្ថម្ភជាថវិកាចំនួន ១លាន ២០ម៉ឺនរៀល ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារ លោកអនុសេនីយ៍ឯក ហ៊ុន ឡា ផងដែរ៕ ដោយ៖ ឆៃហួត



