គ្រោះថ្នាក់ចរាចរណ៍បង្កការគំរាមជីវិតរៀងរាល់ថ្ងៃ, សម្លាប់មនុស្ស៥ និងបង្ករបួស១០នាក់ក្នុង មួយថ្ងៃ (Video Inside)

គ្រោះថ្នាក់ចរាចរណ៍ នៅតែជាការគំរាមដល់អាយុជីវិតប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ យោង តាមប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ, គ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យមនុស្សស្លាប់ក្នុងមួយថ្ងៃយ៉ាងហោច៥នាក់ និងរងរបួស១០នាក់ ដែលជាតួលេខមួយគួរឱ្យបារម្ភ។

ប្រសាសន៍បញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនាព្រឹកថ្ងៃទី១៨សីហាក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសារុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងការលើកទិសដៅការងារឆមាសទី២ឆ្នាំ២០២២នៅក្រសួងសាធារណការនិងដឹកជញ្ជូន។

យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ, គ្រោះ ថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុប១ពាន់៦០៩លើក, បណ្តាលឱ្យមានមនុស្ស ស្លាប់៩៤២នាក់ ដែលស្មើនឹងជាង៥នាក់ក្នុងមួយថ្ងៃ, និងមានអ្នករងរបួសសរុបជាង២ពាន់ ២០០នាក់ដែលស្មើនឹងជាង១២នាក់ក្នុងមួយថ្ងៃ។

គ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាមួយដែលបានចោទក្នុងសង្គម ដោយសារតែការបើកបរ ខ្លះមិនបានគោរពច្បាប់, ចំណែកមន្ត្រីនគរបាលអនុវត្តច្បាប់ខ្លះ បានរងការចោទនូវភាពធូរ រលុងក្នុងការអនុវត្តច្បាប់។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថាគ្រោះថ្នាក់ចរាចរណ៍រយៈពេល៦ខែដើមឆ្នាំនេះ តម្រូវ ឱ្យមានការត្រួតពិនិត្យឡើងវិញនូវចំណុចអវិជ្ជមានទាំងឡាយ ដើម្បីដកបទពិសោធន៍យកមក ដោះស្រាយបញ្ហាប្រឈម ក្នុងនោះដូចជាមូលហេតុនៃគ្រោះថ្នាក់ដោយសារការបើកបរលើស ល្បឿនកំណត់ និងការមិនពាក់មួកសុវត្ថិភាពនោះជាដើម។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ត្រង់ចំណុចនេះថា គេត្រូវប្រមូលផ្តុំបញ្ហាដើម្បីឈានទៅដោះស្រាយឱ្យចំនូវបញ្ហានោះ ។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ដោយសារចរាចរណ៍ បានបង្ខាត ថវិកាជាតិប្រមាណ៤៥០លានដុល្លារ។

ads banner