កម្ពុជាបញ្ជូនកីឡាករទៅហ្វឹកហាត់ក្រៅប្រទេស ដើម្បីរកមេដាយច្រើនសម្រាប់ស៊ីហ្គេមលើកទី ៣២ (Video Inside)
កម្ពុជាដែលត្រៀមនឹងរកមេដាយជាច្រើនក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ គ្រោងនឹងបញ្ជូនក្រុមកីឡា១២ប្រភេទទៅហ្វឹកហាត់បង្កើនសមត្ថភាពនៅក្នុងប្រទេស ចិន។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លោក វ៉ាត់ ចំរើន បានថ្លែងនៅថ្ងៃនេះថា មនុស្ស១៦១នាក់ដែលរួមមានគ្រូបង្វឹក និងកីឡាករបញ្ជូនទៅហ្វឹក ហាត់ក្នុងប្រទេសចិននោះ រួមមានកីឡាកាយសម្ព័ន្ធ, កីឡាយូដូ, វូស៊ូ, បាល់បោះ, វាយកូនឃ្លី លើតុ, អត្តពលកម្ម, ចំបាប់, វាយសី, ហែលទឹក, លើកទម្ងន់, បាល់ទាត់នារី និងបាល់ទះ។ ក្រុម កីឡាករហ្វឹកហាត់ទាំងនោះ នឹងត្រូវហ្វឹកហាត់និងស្នាក់នៅក្នុងប្រទេសចិននោះ រហូតដល់ មានកីឡាស៊ីហ្គេមឆ្នាំ២០២៣ តែម្ដង។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានថ្លែងថាក្រៅពីបញ្ជូន កីឡាករ ទៅហ្វឹកហាត់នៅចិន កម្ពុជានៅមានផែនការបញ្ជូនប្រភេទកីឡាផ្សេងៗ ទៅហ្វឹកហាត់នៅ ប្រទេសផ្សេងទៀតផងដែរ ដូចជាទៅប្រទេសកូរ៉េខាងត្បូង, ជប៉ុន, អ៊ីរ៉ង់ ប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុបមួយចំនួនផងទៀត។
គិតត្រឹមថ្ងៃទី១៨ខែសីហានេះ, កម្ពុជាសល់ពេល ២៦០ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ដំណើរ ឆ្ពោះ ទៅធ្វើម្ចាស់ផ្ទះលើកដំបូង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ ពិធីបើកព្រឹត្តិការណ៍ កីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងធ្វើនៅថ្ងៃទី០៥ ខែឧសភា, និងបិទនៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៣ មុនបន្ដរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃ ទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕