អ្នកនាំពាក្យ គ.ជ.ប៖ ច្បាប់មិនអនុញ្ញាតឱ្យរៀបចំមណ្ឌលបោះឆ្នោតពិសេសនៅក្រៅប្រទេសនោះទេ
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅនឹងគណបក្សនយោបាយចំនួន៤ គឺគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សឆន្ទៈខ្មែរ ដែលបានស្នើឱ្យរៀបចំមជ្ឈមណ្ឌលពិសេសសម្រាប់ការបោះឆ្នោតដោយឡែកនៅឯក្រៅប្រទេស គឺច្បាប់មិនអនុញ្ញាតឱ្យ គ.ជ.ប រៀបចំមជ្ឈមណ្ឌលពិសេសដោយឡែកនៅឯក្រៅប្រទេសនោះទេ។ គ.ជ.ប អាចអនុវត្តបានទៅលើមណ្ឌលរៀបចំការបោះឆ្នោតពិសេសនៅឯក្រៅប្រទេស លុះត្រាតែមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងច្បាប់បោះឆ្នោត ផ្សេងទៀតដែលកំពុងនៅជាធរមាន។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៩ ខែសីហានេះថា គ.ជ.ប ត្រូវបានកំណត់តួនាទី និងភារកិច្ច រៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតផ្សេងទៀតតាមច្បាប់ជាធរមាន ហើយបញ្ញត្តិនេះ គឺមានចែងក្នុងរដ្ឋធម្មនុញ្ញជំពូក ១៥ថ្មី(ពីរ)។ ពាក់ព័ន្ធការលើកស្នើឡើងរបស់គណបក្សនយោបាយទាំង៤ គ.ជ.ប ពុំមានអត្ថាធិប្បាយទេ។ គ.ជ.ប គឺជាស្ថាប័នអនុវត្តរៀបចំចាត់ចែងការបោះឆ្នោតតាមច្បាប់ជាធរមាន ដូច្នេះនៅក្នុងបញ្ញត្តិដែលមានជាធរមាន គឺទាំងនៅក្នុងរដ្ឋធម្មនុញ្ញ ទាំងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីការបោះឆ្នោតផ្សេងទៀត ការបោះឆ្នោតត្រូវធ្វើដោយផ្ទាល់។ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតត្រូវបោះឆ្នោត នៅការិយាល័យបោះឆ្នោត ហើយការិយាល័យបោះឆ្នោត ត្រូវកំណត់ឱ្យបង្កើតឡើងតាមឃុំ /សង្កាត់នីមួយៗ។ នៅក្នុងឃុំ សង្កាត់ គឺជាទីតាំងរដ្ឋបាលដែលការិយាល័យបោះឆ្នោតត្រូវតាំងនៅ។ តាមបញ្ញត្តិនះ មិនអនុញ្ញាតឱ្យ គ.ជ.ប រៀបចំមជ្ឈមណ្ឌលពិសេសដោយឡែកនៅឯក្រៅប្រទេសនោះទេ។ គ.ជ.ប អាចអនុវត្តបានទៅលើមណ្ឌលរៀបចំការបោះឆ្នោតពិសេសនៅឯក្រៅប្រទេស លុះត្រាតែមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផង និងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងច្បាប់បោះឆ្នោត ផ្សេងទៀតដែលកំពុងនៅជាធរមាន។ ការស្នើឡើងដោយគណបក្សនយោបាយទាំង៤នេះ គឺទី១.តម្រូវឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទី២.វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ទាំងបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា តំណាងរាស្ត្រ និងការ បោះឆ្នោត ជ្រើសរើសឃុំ/សង្កាត់ និងការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា “ចំណុចមួយដែលចង់បញ្ជាក់អំពីស្ថានភាពនៃការអនុវត្តជាក់ស្តែងពាក់ព័ន្ធទៅនឹងការបោះឆ្នោតនៅក្នុងប្រទេស យើងគ្រាន់តែពិនិត្យមើលស្ថានភាពជាក់ស្តែងក្នុងការអនុវត្ត គ្រាន់តែការិយាល័យបោះឆ្នោតនៅក្នុងប្រទេសវាមានកើតឡើងនៅបញ្ហាជាច្រើនពាក់ព័ន្ធទៅនឹងការបោះឆ្នោតទៅហើយ។ នោះគឺជាការចាត់វិធានការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ទាំងបរិវេណខាងក្នុង ខាងក្រៅ និងក្នុងការិយាល័យបោះឆ្នោត។ នៅក្នុងប្រទេសកើតមានបញ្ហាប្រឈមជាច្រើនទៅហើយ តើការបង្កើតមជ្ឈមណ្ឌលនៅឯក្រៅប្រទេសវាអាចប្រឈមនឹងបញ្ហាអ្វីខ្លះ? ចំណុចនេះគឺជាចំណុចដែលត្រូវពិចារណាអំពីយន្តការនៃការដោះស្រាយបណ្តឹងករណីមានភាពកើតឡើងនៅមណ្ឌលបោះឆ្នោតនៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ តាមច្បាប់នៅកម្ពុជាការបោះឆ្នោត គឺត្រូវធ្វើនៅក្នុងការិយាល័យបោះឆ្នោត ដែលមានទីតាំងនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតរួចត្រូវវរាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត ហើយការិយាល័យបោះឆ្នោតនឹងក្លាយទៅជាការិយាល័យរាប់សន្លឹកឆ្នោតនៅពេលបញ្ចប់ការបោះឆ្នោត”។
អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថា ការបង្កើតកមជ្ឈមណ្ឌលនៅក្រៅប្រទេស តើអ្នកណាជាអ្នករៀបចំទទួល និងដោះស្រាយបណ្តឹងក្នុងករណីមានការប្តឹងតវ៉ាឬជំទាស់នៅក្នុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ហើយករណីនេះត្រូវសិក្សាឱ្យបានច្បាស់លាស់មុននឹងលើកឡើងការធ្វើវិសោធនកម្មច្បាប់ទាំងរដ្ឋធម្មនុញ្ញ ទាំងច្បាប់បោះឆ្នោត៕
ដោយ៖ពលជ័យ