ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះការចោទប្រកាន់នៅពីក្រោយការអភិវឌ្ឍភ្នំតាម៉ៅ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រតិកម្ម និងឆ្លើយតបចំពោះការចោទប្រកាន់មកលើឯកឧត្តមនៅពីក្រោយការអភិវឌ្ឍភ្នំតាម៉ៅ គឺជាការចោទប្រកាន់សុទ្ធសាធ។ ជាការចោទប្រកាន់មូលបង្កាច់ទាំងដែលឯកឧត្ដមទើបតែស្គាល់ឧកញ៉ា ឡេង ណាវាត់ត្រា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះប៉ុណ្ណោះ។

ការប្រតិកម្មតបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា ជាអំណោយដ៏ថ្លៃថ្លារបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រឿងនៅភ្នំតាម៉ៅនេះ មានជនបរទេសម្នាក់ឈ្មោះ អាឡិច ដែលតាំងខ្លួនជាអ្នកស្រឡាញ់បរិស្ថានស្រុកខ្មែរ តែបានធ្វើសកម្មភាពនយោបាយ។ ត្រង់នេះឯកឧត្ដម ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា បើសិនជាបុគ្គល អាឡិចនោះ ពិតជាធ្វើសកម្មភាពដើម្បីបរិស្ថានពិតមែន ឯកឧត្ដមប្រាកដជាគាំទ្រ ក៏ប៉ុន្ដែបុគ្គលឈ្មោះ អាឡិច នោះមិនមែនធ្វើដើម្បីបរិស្ថានទេ គឺធ្វើដើម្បីកេញចំណេញនយោបាយ ហើយថែមទាំងបង្កើតប្រឌិតរឿងមូលបង្កាច់ថែមទៀត ដែលមានវិទ្យុអាស៊ីសេរី ធ្វើជាមធ្យោបាយផ្សព្វផ្សាយថែមទៀត។ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឆ្លើយតបចំពោះសំណួរដែលគេសួរថា ហេតុអ្វីរដ្ឋាភិបាលមិនឱ្យតម្លៃអ្នករិះគន់ដើម្បីស្ថាបនា ដោយឯកឧត្ដមបានបញ្ជាក់ថា បើសិនជាការស្ថាបនាពិតមែន រដ្ឋាភិបាលប្រាកដជាស្ដាប់ តែទាស់ត្រង់ការនិយាយរបស់ពួកគេ ជាការប្រឌិតរឿងវាយប្រហារ។

ឯកឧត្ដមបានបន្ថែមទៀតថា ការរិះគន់ដើម្បីស្ថាបនា ឯកឧត្ដមតែងតែស្វាគមន៍ និងលើកទឹកចិត្ត ដើម្បីពិនិត្យមើល។ ជាក់ស្ដែងឯកឧត្ដម បានធ្វើដំណើរចុះតាមបណ្ដាខេត្តដើម្បីជួបមេដឹកនាំកងកម្លាំង ក្នុងបំណងពិនិត្យមើលការងារ ហើយមានចំណុចអ្វីខ្លះដែលទាមទារការកែសម្រួល និងពង្រឹងបន្ថែម។ ចំពោះរឿងភ្នំតាម៉ៅនេះ មានការលើកមតិជាច្រើន ហើយសម្ដេចតេជោ ក៏កែសម្រួលដើម្បីប្រជាជនផងដែរ។ សម្រាប់ឯកឧត្ដមធ្លាប់បានជួបក្រុមការងារផ្សេងៗ មិនថាស្រប និងប្រឆាំងឡើយ ហើយពួកក៏យល់ពីឯកឧត្ដមដែរ ដែលតែងតែបើកទូលាយការស្ដាប់យោបល់។ តែការចោទប្រកាន់លាបពណ៌ ក្នុងចេតនាទុច្ចរិតបំផ្លិចបំផ្លាញ ឯកឧត្ដមមិនអាចទទួលយកបានឡើយ។ ជាក់ស្ដែងការចោទប្រកាន់ថា ឯកឧត្ដមនៅពីក្រោយក្រុមហ៊ុន ឡេង ណាវាត់ត្រា ព្រោះឧកញ៉ា ឡេង ណាវាត់ត្រា នៅក្នុងក្រុមការងាររបស់ឯកឧត្ដម។ ត្រង់ចំណុចនេះឯកឧត្ដមអះអាងថា ជាការចោទប្រកាន់មូលបង្កាច់ទាំងដែលឯកឧត្ដមទើបតែស្គាល់ ឧកញ៉ា ឡេងណាវាត់ត្រា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះប៉ុណ្ណោះ។

ចំណែកការចោទថា ឯកឧត្ដមនៅពីក្រោយការអភិវឌ្ឍភ្នំតាម៉ៅ គឺជាការចោទប្រកាន់សុទ្ធសាធ។ ការអះអាងបែបនេះក៏ព្រោះឯកឧត្ដមមិនធ្លាប់រត់ការសុំដីរកស៊ី ឬក៏ជួយដល់ឈ្មួញណាមួយឡើយ រហូតដល់ក្រុមអ្នករកស៊ីហៅឯកឧត្ដមថា កុម្មុយនីស្ត និងមិនចេះរកស៊ីទៀតផង។ ឯកឧត្ដមបញ្ជាក់ថា ឯកឧត្ដមមិនប៉ះឡើយការរកស៊ីដីរដ្ឋសូម្បី១ម៉ែត្រការ៉េ ប៉ុន្ដែបើជាការសុំដីសម្រាប់ទ័ពហ្វឹកហ្វាត់ សុំដីសម្រាប់កងទ័ព និងការជួយដល់គ្រួសារទ័ព ឯកឧត្ដមធ្វើ ហើយក៏បានធ្វើច្រើនផងដែរ សម្រាប់ប្រយោជន៍ទ័ព។ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអះអាងថា ឯកឧត្ដមឈរឆ្ងាយពីការពាក់ព័ន្ធនឹងរបរកស៊ីរបស់ឈ្មួញដែលធ្វើការអភិវឌ្ឍលើដីរដ្ឋ ដោយសារឯកឧត្ដមមិនមានភាពប៉ិនប្រសព្វនោះទេ ប៉ុន្ដែឯកឧត្ដមសមត្ថភាពរៀបចំគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច ព្រោះឯកឧត្ដមក៏ជាអ្នកសេដ្ឋកិច្ចមួយរូបដែរ។ យ៉ាងណាឯកឧត្ដមប្រាប់ដល់ក្រុមអ្នកប្រឆាំងដែលចង់ធ្វើការជាមួយ សូមកុំធ្វើជាក្រុមប្រឆាំងផ្កាប់មុខ មួលបង្កាច់ ប្រឌិតរឿង ហើយសូមបែងចែកឱ្យដាច់ពីការរិះគន់ស្ថាបនា និងការលាបពណ៌៕
ដោយ៖ពលជ័យ

សូមទស្សនាវីដេអូការឆ្លើយតបរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដូចខាងក្រោម៖

ads banner