ក្រុមប្រតិភូកីឡាគ្រីឃីតឥណ្ឌា បានមកដល់កម្ពុជា ត្រៀមធ្វើការប្រកួតជាលក្ខណមិត្តភាពអន្តរជាតិ
ភ្នំពេញ៖ ប្រតិភូក្រុមកីឡាគ្រីឃីតឥណ្ឌា បានមកដល់កម្ពុជា តាមជើងហោះហើរ Thai Airlines នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដើម្បីត្រៀមធ្វើការប្រកួតកីឡាគ្រីឃីតមិត្តអន្តរជាតិ ( Internationnal Tennis Cricket Series 2022 ) ជាមួយក្រុមគ្រីឃីតកម្ពុជា រយៈពេល២ថ្ងៃ នាថ្ងៃទី២០ និងទី២១ នៅទីលានកីឡដ្ឋានបាល់ទាត់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោក Madhu Aman ប្រធានសមាគមនកីឡាគ្រីឃីតកម្ពុជា បានបញ្ជាក់ថា ក្រុមប្រតិភូកីឡាគ្រីឃីតឥណ្ឌា ដឹកនាំដោយ លោក Kanhiya Gurjar ប្រធានសហព័ន្ធកីឡាវាយកូនបាល់គ្រីឃីត នៃប្រទេសឥណ្ឌា មានសរុប១៤នាក់ ។ លោក Madhu Aman បានបន្តទៀតថា គោលបំណងសំខាន់ នៃការរៀបចំការប្រកួតមិត្តភាពអន្តរជាតិខាងលើនេះ គឺដើម្បីជួយបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីគ្រីឃីតកម្ពុជា អោយមានសក្តានុពល សម្រាប់ត្រៀមប្រកួតប្រជែងជាបណ្តាប្រទេសក្នុងតំបន់ ជាពិសេសកីឡាគ្រីឃីតជនពិការ ត្រៀមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន អាស៊ីសន្តិភាព ខាងមុខនេះ ។
លោក Madhu Aman បន្ថែមថា បន្ទាប់ពីធ្លាប់បានពិគ្រោះយោបល់ និងស្នើរសុំតាមរយៈឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) ដើម្បីរាយការណ៍ជូនសម្ដេចនាយករដ្ឋមន្រ្តី ក្នុងការស្នើសុំរៀបចំការប្រកួតកីឡាគ្រីឃីតអន្តរជាតិ លើកទី១ (SAMECH HUN SEN ASIA PEACE CRICKET CUP 2022) នៅកម្ពុជា ។
ដែលពានរង្វាន់នេះ រៀបចំឡើងដើម្បីបង្ហាញអំពីវីរភាព អង់អាចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺជាស្ថានិក និងជាបុគ្គលដ៏ល្បីឈ្មោះ នៅពិភពលោក បានទទួលស្គាល់ថាជាអ្នកដឹកនាំឆ្នើម និងជាបិតាសន្តិភាព ដែលបានទទួលពានរង្វាន់សន្តិភាព Sunhak ក្នុងឆ្នាំ២០២២ ដែលជាសារបង្ហាញអំពីសុខសន្តិភាព សុខដុមរមនា និងមិត្តភាព នៃបណ្តាប្រទេសជាច្រើន ក្នុងទ្វីបអាស៊ី ។
គួរបញ្ជាក់ថា ការប្រកួតកីឡាគ្រីឃីតជាលក្ខណមិត្តភាពអន្តរជាតិ ឆ្នាំ២០២២ ( Internationnal Tennis Cricket Series 2022 ) គ្រោងនឹងធ្វើនាថ្ងៃទី២០ ដល់ទី២១ ខែសីហា ខាងមុខនេះ នាកីឡដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ដេវយ៉ានី ខុប្រាហ្គឺដេ អគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យី វាសនា អគ្គលេខាធិការគណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ៕ ចាន់ វិចិត្រ




