ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជាចុងសប្តាហ៍នេះ
ភ្នំពេញ៖ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) នឹងមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និហហសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ នឹងអញ្ជើញជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានមហាសន្និបាត អ.ស.ប. លើកទី៧៦ ក៏នឹងមានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។

ប្រភពដដែលបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម អាប់ឌូឡា សាហ៊ីដ នឹងសង្កត់ធ្ងន់អំពីតួនាទីប្រកបដោយការស្ថាបនារបស់កម្ពុជានៅក្នុង អ.ស.ប ជាពិសេសក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន ក៏ដូចជាតួនាទីរបស់អាស៊ាន និងអ.ស.ប ក្នុងការពង្រឹងពហុភាគីនិយម ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនានា រួមមាន ការប្រែប្រួលអាកាសធាតុ ការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។ ការធ្វើឱ្យតួនាទីរបស់អ.ស.ប កាន់តែរស់រវើក និងការពង្រឹងតួនាទីភាពជាដៃគូរវាងអាស៊ាន- អ.ស.ប ក៏ស្ថិតក្នុងចំណោមប្រធានបទសម្រាប់កិច្ចពិភាក្សាផងដែរ។
សូមជម្រាបថា រដ្ឋមន្រ្តីការបរទេសម៉ាល់ឌីវ ឯកឧត្តម Abdulla Shahid បានជាប់ឆ្នោតជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) សម្រាប់អាណត្តិឆ្នាំ២០២១-២០២២។ នេះគឺជាលើកដំបូងដែលម៉ាល់ឌីវមានរដ្ឋមន្រ្តីកាន់តំណែងជាប្រធាន UNGA។ មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានរៀបចំការបោះឆ្នោតជាសម្ងាត់មួយ ដើម្បីជ្រើសរើសប្រធានមហាសន្និបាតនៅអាណត្តិ២០២១-២០២២។ ក្នុងការបោះឆ្នោតនោះ លោក Abdulla Shahid រដ្ឋមន្រ្តីការបរទេសម៉ាល់ឌីវ បានយកឈ្នះគូប្រជែង ដែលជាអតីតរដ្ឋមន្រ្តីការបរទេសអាហ្វហ្កានីស្ថាន លោក Zalmai Rassoul ក្នុងសំឡេងដ៏ច្រើនលើសលុប៕
ដោយ៖ពលជ័យ
