លោកស្រី រស់ យ៉ាណា ៖ កីឡាបានផ្តល់អត្ថប្រយោជន៍ច្រើន គឺសុខភាព ភាពអត់ធ្មត់ មិត្តភាព សាមគ្គីភាព ចេះធ្វើការងារជាក្រុម

ភ្នំពេញ៖ ការប្រកួតកីឡាក្របខណ្ឌសិស្សជ្រើសរើសជើងឯក ពានរង្វាន់ ម៉េង លី ជេ គួច ប្រចាំឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃអាទិត្យទី២១ ខែសីហា នៅសាលាអន្តរទ្វីប អាមេរិកកាំង សាខាចាក់អង្រែ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយចំណាយពេល១ខែ ។

លោក សែម ពេជ្រ នាយកកីឡា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានអោយដឹងថា ការប្រកួតកីឡាក្របខណ្ឌសិស្សជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១៣ ទី១៤ និងទី១៥ ប្រចាំឆ្នាំ២០២២ មាន២ប្រភេទកីឡា បាល់ទាត់ មាន២៦ក្រុម និងបាល់បោះ មាន៤ក្រុម សរុបកីឡាករចូលរួមប្រកួត៣៦០នាក់។ លោកនាយកកីឡា បន្តថា ដោយស្របតាមផែនការ របស់ក្រសួងអប់រំ យុវជន និងកីឡា និងគំនិតផ្តួចផ្តើម របស់ Dr. គួច ម៉េងលី ស្ថាបនិក ប្រធាន ក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលតែងមានការយកចិត្ត ទុកដាក់ខ្ពស់ចំពោះមិត្តភាព សាមគ្គីភាព និងសុខភាពរបស់សិស្សានុសិស្ស និងបុគ្គលិក នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនទើបបានកំណត់ឱ្យមាននូវការប្រកួតកីឡាប្រចាំឆ្នាំ សម្រាប់សិស្ស និងបុគ្គលិកជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជារៀងរាល់ឆ្នាំ ។
លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានបញ្ជាក់ថា ការប្រកួតកីឡាប្រចាំឆ្នាំ២០២២ខាងលើនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់វិស័យកីឡា ពង្រឹងកាយសម្បទា សុខភាព មិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការគ្នា ចេះធ្វើការងារជាក្រុម ការចូលរួមជាមួយគ្នា យល់ចិត្តគ្នា ចែករំលែកគ្នា ជួយផ្តល់យោបល់អោយគ្នា ជាពិសេសគឺចេះលត់ដុំខ្លួនជាមួយភាពអត់ធ្មត់ ឈានទៅរកជ័យជំនះ ។ លោកស្រី បន្តទៀតថា កត្តាសំខាន់ៗក្នុងវិស័យកីឡាខាងលើនេះ គឺជានិតិវិធី និងយុទ្ធវិធីមួយរបស់ថ្នាក់ដឹកនាំសាលារៀន អន្តរទ្វីប អាមេរិកាំង ដើម្បីឲ្យសិស្សានុសិស្ស ទទួលបានចំណេះដឹង និងបំនិនជីវិតរបស់គាត់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ តាមរយៈការលេងកីឡា ។ លោកស្រីប្រធាន បន្ថែមថា កីឡាមានមេរៀនជាច្រើន ដែលជំរុញឲ្យកីឡាករ កីឡាការិនី ជាសិស្សទាំងអស់មានភាពក្លាហាន សុខភាពល្អ និងឲ្យមានគោលដៅជីវិតច្បាស់លាស់ ហើយការលេងកីឡានេះគឺជាការរួមចំណែកដ៏សំខាន់ ក្នុងការជំរុញបន្ថែមឲ្យសិស្សគ្រប់រូបឲ្យរីករាយ ការដុសខាត់សមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងក្លា និងការពង្រឹងភាពជឿជាក់ខ្លួនឯង ការបណ្តុះស្មារតីលើមាគ៌ាឆ្ពោះទៅសម្រេចបាននូវគោលដៅសម្រាប់ជីវិតរបស់ខ្លួន ។
សម្រាប់លទ្ធផលការប្រកួត បាល់បោះ ១. វិញ្ញាសាបាល់ទាត់
ក្របខណ្ឌ “គ”
ចំណាត់ថ្នាក់លេខ ៣ : Black Panther
ចំណាត់ថ្នាក់លេខ ២ : STK
ចំណាត់ថ្នាក់លេខ ១ : CPK
ក្របខណ្ឌ “ខ”
ចំណាត់ថ្នាក់លេខ ៣ : Black Jaguar
ចំណាត់ថ្នាក់លេខ ២ : Wolf Pack
ចំណាត់ថ្នាក់លេខ ១ : Astro United
ក្របខណ្ឌ “ក”
ចំណាត់ថ្នាក់លេខ ៣ : Scorpions FC
ចំណាត់ថ្នាក់លេខ ២ : Devil Snack
ចំណាត់ថ្នាក់លេខ ១ : Domrey Sor
២. វិញ្ញាសាបាល់បោះ
ផ្នែកបុរស
ចំណាត់ថ្នាក់លេខ ៣ : Ten Terror
ចំណាត់ថ្នាក់លេខ ២ : Phnom Penh Ringer
ចំណាត់ថ្នាក់លេខ ១ : 12C ISABI

សូមបញ្ជាក់ថា សាលារៀន អន្តរទ្វីប អាមេរិកាំង ក្រៅពីកីឡាបាល់ទាត់ បាល់បោះ ក៏មានប្រភេទកីឡាជាច្រើនទៀត ដូចជា ហែលទឹក តេក្វាន់ដូ ការ៉ាតេ បាល់ទះ វាយកូនបាល់ ល្បុក្កតោជាដើម ផ្តល់ជូនសិស្សានុសិស្សហ្វឹកហាត់ និងពង្រឹងសមត្ថភាព ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner