ទេសរដ្ឋមន្ត្រីគន់ គីម អញ្ជើញពិនិត្យស្ថានជំនន់ទឹក ភ្លៀងនៅខេត្ត ព្រះវិហារ
ព្រះវិហារ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើន រំលឹក ដល់អាជ្ញាធរខេត្តព្រះវិហារ ឱ្យបង្កើនការយកចិត្តទុកដាក់ ចំពោះ សុវត្ថិភាព និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងពេល ជួបគ្រោះ ជំនន់ទឹកភ្លៀង ខណៈដែលប្រជាពលរដ្ឋជាង ៥០នាក់ ត្រូវបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព នៅរសៀលថ្ងៃទី២២ខែសីហា ។
ប្រសាសន៍ក្រើនរំលឹករបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើ ឡើងក្នុងពេលដែលឯកឧត្តម បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដើម្បី ចុះពិនិត្យដោយផ្ទាល់ នូវស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិច នៅតាមស្រុកមួយចំនួន ក្នុងខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២២ ខែសីហាម្សិលមិញនេះ។
នៅក្នុងបេសកកម្មនេះឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានពិនិត្យ ឃើញថា ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ បានបណ្តាលឲ្យ មានការ លិច លង់ផ្ទះសម្បែងប្រជាពលរដ្ឋជាង ១១គ្រួសារ ស្មើនឹងចំនួនមនុស្ស ជាង ៥០នាក់ ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ផងដែរ។
ប្រជាពលរដ្ឋទាំងជាង ៥០នាក់ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង នោះ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ជម្លៀសទៅកាន់ទីទួល មានសុត្ថិភាពបានទាន់ពេលវេលាទឹកជំនន់បានស្រកចុះបន្តិច បើធៀបនឹងថ្ងៃទី២១សីហា ។
នៅក្នុងការអមដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនោះ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា ភ្លៀងបានធ្លាក់នៅគ្រប់ក្រុង-ស្រុក នៅទូទាំងខេត្ត ហើយបើគិតត្រឹមរសៀលថ្ងៃទី២២សីហានេះ ល្បាយទឹកភ្លៀង មានកម្រិតពី ៤មីលីម៉ែត្រ ទៅ៤៥មីលីម៉ែត្រ។ ក្នុងនោះអាងទឹករក្សា មានកម្ពស់ ៤៣.៦០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ទឹកស្រុក ចុះ០.១០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកស្ទឹងសែន នៅទីរួមខេត្ត ព្រះវិហារ មានកម្ពស់ ១០.៩០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ទឹកស្រុកចុះ ០.០២ម៉ែត្រ ខណៈកម្រិតទឹកដែលត្រូវប្រកាសអាសន្ន មានកម្ពស់ ១១.៥០ម៉ែត្រ ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ជំនន់ទឹកភ្លៀងបានស្រក នៅឃុំ ស្រអែម តែបានទៅជោជន់លិចនៅឃុំកន្ទួត ស្រុកជាំក្សាន្ត បណ្តាល ឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ នៅភូមិស្រអែមខាងត្បូង ហៅភូមិប្រាសាទ ១០។ រីឯប្រជាពលរដ្ឋ ដែលនៅជុំវិញទីទួលសុវត្ថិភាព ដែលមានកម្ពស់ ៣ម៉ែត្រពីទឹក ចំនួន ៦៩គ្រួសារ ស្មើនឹងចំនួន មនុស្ស ២៩៦នាក់ ក្នុងនោះត្រូវបានជម្លៀស ១១គ្រួសារ ស្មើនឹង៥២នាក់ មកស្នាក់នៅក្នុង វត្តស្រអែម។ ចំណែក ក្រុង-ស្រុក ៧ទៀត ពុំទាន់មានផលប៉ះពាល់ពី ជំនន់ទឹកភ្លៀងនៅឡើយទេ ប៉ុន្តែ កម្លាំងអន្តរាគមន៍បានត្រៀម លក្ខណៈរួចជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តរៀងខ្លួនៗ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានមាន ប្រសាសន៍ ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបានគិតគូ និងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពិសេស ឯកឧត្តម ទេសរដ្ឋមន្ត្រីផ្ទាល់ ត្រូវតែមានវត្តមាននៅកន្លែងរងគ្រោះ និងត្រៀម ដោះស្រាយ ការលំបាកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ ពេលវេលា ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះ អកុសល នានាក្នុងពេលទឹកជំនន់នេះ ៕ ដោយ៖សួន លីណា





