រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដឹកនាំក្រុមការងារអន្តរក្រសួង បន្ដចុះពិនិត្យទីតាំងអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ
សៀមរាប៖ ក្រុមការងារអន្តរក្រសួងដឹកនាំដោយឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស បានបន្ដ ចុះពិនិត្យ ស្ថានភាពសំណង់ខុសច្បាប់ និងផ្ទះស្ថិត នៅតំបន់ជុំវិញស្រះស្រង់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។នេះបើយោងតាមប្រភពFresh News។
សូមជម្រាបថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ជា សុផារ៉ា បានកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃ ទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
យុទ្ធនាការនេះ មានកម្លាំងសរុបប្រមាណ ១.២០០ នាក់ ចែកចេញជា ៦៨ ក្រុម មានការចូលរួមពីមន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ មន្រ្តីជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់ និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ ខុស ច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការ គ្រប់ គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ជាមួយនឹងការបើកយុទ្ធនាការនេះ ឧបនាយករដ្ឋមន្ត្រីក៏ បានព្រមានចំៗ ទៅពលរដ្ឋសង់សំណង់ខុសច្បាប់ទាំងឡាយក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យប្រញាប់រុះរើសំណង់ទាំងនោះវិញដោយខ្លួនឯង ជាជាងការប្រើ ប្រាស់កម្លាំងអាជ្ញាធរចុះរុះរើ៕ ដោយ៖ វណ្ណលុក



