ប្រធាន គ.ជ.ប ប្រជុំពិនិត្យនិងសម្រេចលើឯកសារបោះពុម្ពផ្សាយសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងសម្រេចលើឯកសារមួយចំនួន ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំពិនិត្យ និងសម្រេចពី គ.ជ.ប លើឯកសារបោះពុម្ពផ្សាយសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) និងឯកសារមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំរបស់គ.ជ.ប។

គ.ជ.ប បានឱ្យដឹងថា ឯកសារដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំ គ.ជ.ប ពិនិត្យ និងសម្រេច រួមមាន៖
១.ឯកសារបោះពុម្ពផ្សាយសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានដូចជា សេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ខិត្តប័ណ្ណស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ស្ទីកគ័រ (Sticker) ស្តីពីកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប។ កញ្ចប់ដាក់ឯកសារព័ត៌មាន (Press Kits)។ ខិត្តប័ណ្ណ (Poster) អញ្ជើញប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ សៀវភៅផ្នត់ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ស្ទីកគ័រ (Sticker) សារអប់រំ ៖ អញ្ជើញប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត សូមទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះ។
២.ឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ រួមមាន៖ សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) សម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ។ សេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌនៃការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប)។ សេចក្តីណែនាំស្តីពីនីតិវិធីនៃការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ។ បទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ។ លិខិតជម្រាបជូនប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ស្តីពីការស្នើសុំតែងតាំងស្មៀនឃុំ សង្កាត់ ជាអនុប្រធានក្រុមចុះឈ្មោះបោះឆ្នោត និងសេចក្តីសម្រេច ចំនួន ៥ (ប្រាំ)។
៣.ស្ប៉តវីដេអូអប់រំរឿងខ្លី ស្ប៉តវិទ្យុអប់រំរឿងខ្លី ចម្រៀងកាយវិការ និងសេចក្ដីជូនដំណឹង សម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍ និងវិទ្យុ តាមមេក្រូចល័ត ពាក់ព័ន្ធនឹងការជូនព័ត៌មាន និងអប់រំ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

គ.ជ.ប បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួនលើឯកសារទាំងនោះ និងបានឯកភាពជាគោលការណ៍ ដើម្បីឱ្យអង្គភាពជំនាញពិនិត្យកែសម្រួល និងរៀបចំផលិតសម្រាប់ផ្សព្វផ្សាយ តាមស្មារតីនៃអង្គប្រជុំរបស់ គ.ជ.ប។ ប្រភពដដែលបានបន្តទៀតថា ចំពោះការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) នៅតាមឃុំ សង្កាត់ គ.ជ.ប នឹងប្រកាសជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស សរុបចំនួន ៣.៣០៤ រូប ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២នេះ ដែលមានមុខតំណែងតាមឃុំ សង្កាត់នីមួយៗដូចជា៖ ប្រធានក្រុមចុះឈ្មោះបោះឆ្នោត ១រូប និងសមាជិកក្រុមចុះឈ្មោះបោះឆ្នោត ជាការីកុំព្យូទ័រ១រូប។

គួរបញ្ជាក់ថា តាមប្រតិទិន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២៕
ដោយ៖ពលជ័យ
រូបភាព៖គជប

ads banner