សភាកម្ពុជា និងចិន ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនិងបន្តគាំទ្រគ្នាទៅវិញទៅមកចំពោះបញ្ហាតំបន់ និងអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ង ឈិន (Wang Chen) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក នៃសភាប្រជាជនចិនទូទាំងប្រទេស និងសភានៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំដោយថ្នាក់ដឹកនាំជំនាន់មុនៗឱ្យកាន់តែស្អិតរមួត ស្ថិតស្ថេរយូរអង្វែង ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័នសភាទាំងពីរចំពោះបញ្ហាតំបន់ និងអន្តរជាតិ។ ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសភាកម្ពុជា និងសភាចិន បានធ្វើឡើងតាមប្រព័ន្ធនិម្មិត នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម ជាម យៀប បានមានប្រសាសន៍ថា ជំនួបថ្ងៃនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីសារៈសំខាន់នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ដែលមហាមិត្តចិន ជាប្រទេសដៃគូរយុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបរបស់កម្ពុជា។ មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរចិននិងកម្ពុជា ជាទ្រព្យដ៏មានតម្លៃមហាសាល ក្នុងការនាំមកនូវឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ កិច្ចពិភាក្សានាពេលនេះ ជាកិច្ចពិភាក្សាមួយដ៏មានសារៈប្រយោជន៍ធំសម្បើម និងជាប្រវត្តិសាស្រ្តដោយបង្ហាញ ពីការបន្តពង្រឹង និងពង្រីកចំណងទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសយើងទាំងពីរ ដែលមានជាយូរលង់ណាស់មកហើយ។ ក្នុងដំណើរទស្សនកិច្ច របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ និងការបំពេញទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា កាលពីថ្ងៃ ទី១១-១២ ខែ តុលា ឆ្នាំ២០២០ ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងលើកដំបូងរបស់កម្ពុជា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-ចិន។
ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនយើងទំាងពីរ តែងតែរួមសុខរួមទុក្ខជាមួយគ្នា ក្នុងគ្រាដ៏សែនលំបាក នៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេស សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណៈរដ្ឋប្រជាមានិតចិន បានធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសយើងទំាងពីរកម្ពុជា-ចិន រហូតមកដល់ពេលនេះក្លាយជាទំនាក់ទំនងដែកថែប ដែលមានផ្លែផ្កា យ៉ាងស្រស់បំព្រង ព្រមទាំងនាំមកនូវវឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជាតិយើងទំាងសងខាង។ ប្រទេសកម្ពុជា-ចិន មានមិត្តភាពជាប្រពៃណីដ៏យូរលង់មកហើយ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានឆ្លងកាត់បញ្ហាប្រឈមគ្រប់បែបយ៉ាង និងបានដោះស្រាយជាបណ្តើរៗ ជាពិសេសនៅក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ គិតមកដល់ពេលបច្ចុប្បន្ននេះ មហាមិត្តចិនបានផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ចំនួន៤២លានដូស ដល់កម្ពុជា ហើយបានក្លាយជាប្រទេសដែលផ្គត់ផ្គង់វ៉ាក់សាំងដ៍សំខាន់បំផុត និងមានសុវត្ថិភាពបំផុតនៅកម្ពុជា។ ក្រៅពីនេះ មហាមិត្តចិនបានចាត់បញ្ជូនក្រុម អ្នកជំនាញវេជ្ជសាស្ត្រជាច្រើនលើកមកកាន់កម្ពុជា ព្រមទាំងរៀបចំកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍តាមប្រព័ន្ឋវីដេអូជាច្រើនលើក និងជួយកម្ពុជាកសាងបន្ទប់ពិសោធន៍ធ្វើតេស្តរកវីរុសកូវីដ-១៩ ផងដែរ។


អនុប្រធានទី១ រដ្ឋសភាកម្ពុជា បានបញ្ជាក់ទៀថា “យើងខ្ញុំ ពិតជាមានមោទនភាពបំផុត ដោយសង្កេតឃើញថា ទំនាក់ទំនង ចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ កម្ពុជា-ចិន ជាទំនាក់ទំនងពិសេសគ្មានពីរលើគ្រប់វិស័យ ដែលបានប្រែក្លាយកម្ពុជាទៅជាប្រទេសមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស ដោយទទួលមុខមាត់ថ្មីៗបន្ថែមទៀត លើឆាកអន្តរជាតិ រយៈពេលកន្លងមក។ ព្រះរាជាណាចក្រកម្ពុជា សូមចូលរួមធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ឋជាមួយ ភាគីមហាមិត្តចិន នូវគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការអភិវឌ្ឍជាសកលនិងគំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល ព្រមទាំងការលើកឡើងពីផែនការចិន សម្រាប់ជំរុញការបង្កើត ប្រព័ន្ឋអភិបាលកិច្ចជាសកលឱ្យកាន់តែមានយុត្តិធម៌ឡើង និងសមហេតុសមផល ក្នុងន័យគាំពារសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់។ យើងខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់នូវសមិទ្ធិផលដ៏ធំធេង ដែលរដ្ឋាភិបាល និងប្រជាជនចិនសម្រេចបានក្នុងការកសាង និងអភិវឌ្ឍសង្គមសេដ្ឋកិច្ច ឆ្ពោះទៅរកវឌ្ឍនភាពរុងរឿង និងឆាប់រហ័ស។ យើងមានជំនឿជាក់ថា ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សដែលមានឯកឧត្តម ស៊ី ជិនពីង ជាអគ្គលេខាធិការបក្ស និងជាប្រធានាធិបតី ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី ឯកឧត្តម លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន និងឯកឧត្តមផ្ទាល់ ជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាប្រជាជនចិនទូទាំងប្រទេស នឹងទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងដំណើរការជំរុញឧស្សាហូបនីយកម្ម និងទំនើបនីយកម្ម ដើម្បីអភិវឌ្ឍប្រទេសជាតិចិនដ៏មហិមាឱ្យកាន់តែខ្លាំងខ្លាថែមទៀតជាមិនខានឡើយ”៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា