ក្រសួងការបរទេសកម្ពុជា និងក្រសួងមហាផ្ទៃ បញ្ជាក់ពីការជួយអន្តរាគមន៍ជនបរទេសរងគ្រោះដោយសារការបង្ខាំង និងបង្ខំឱ្យធ្វើការនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា និងក្រសួងមហាផ្ទៃ បានបញ្ជាក់ពីការជួយអន្តរាគមន៍ជនបរទេសរងគ្រោះដោយសារការបង្ខាំង និងបង្ខំឱ្យធ្វើការនៅកម្ពុជា។ ដោយក្នុងរយៈពេលជិត៨ខែ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថា ជនរងគ្រោះចំនួន៨៧ករណី ស្មើនឹងប្រមាណ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅល្ងាចថ្ងៃទី២៦ ខែសីហានេះថា “ក្នុងរយៈពេល៦ខែចុងក្រោយនេះ ស្ថានទូតបរទេសមួយចំនួនបានស្នើសុំកិច្ចអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋរបស់ខ្លួន ដែលត្រូវបានអះអាងថា រងគ្រោះដោយសារការបង្ខាំង និងបង្ខំឱ្យធ្វើការនៅកម្ពុជា ក្នុងនោះមាន ពលរដ្ឋបង់ក្លាដែស ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន និងថៃ។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ទៀតថា “ក្រសួងការបរទេសតែងតែសម្របសម្រួល បញ្ជូនសំណើសុំកិច្ចអន្តរាគមន៍របស់ស្ថានតំណាងបរទេសទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពិនិត្យ និងធ្វើកិច្ចអន្តរាគមន៍។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាបន័ពាក់ព័ន្ធកម្ពុជា ដើម្បីលើកកម្ពស់យន្តការទទួលបណ្តឹង សំណើសុំអន្តរាគមន៍ និងចាត់ការពាក្យបណ្តឹងជួយសង្គ្រោះពលរដ្ឋដែលជាជនសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្ស”។

បើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់នៅថ្ងៃទី២៦ ខែសីហានេះថា គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថា ជនរងគ្រោះ ចំនួន៨៧ករណី ស្មើនឹងប្រមាណ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចំនួន១៧ករណី ជនសង្ស័យសរុបចំនួន៦០នាក់។

សម្តេចក្រឡាហោម ស ខេង បានបន្តថា ដោយឡែកនាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបើកកិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន០៧ករណី ដោយបានសង្គ្រោះជនរងគ្រោះសរុបចំនួន ២៥នាក់ (មាន ៦សញ្ជាតិ) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៣នាក់ (មាន ៤សញ្ជាតិ) នៅក្នុងខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ មានករណីសេសសល់បន្ថែមទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាកំពុងបន្តស្រាវជ្រាវ ដើម្បីសង្គ្រោះ និងបង្ក្រាប។

សម្តេចក្រឡាហោមបានបញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវ និងសួរចម្លើយ រកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្ខពួកនៅកម្ពុជា ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការឆបោកឱ្យឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ក្រោមការសន្យាផ្តល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់។ ក៏ប៉ុន្តែជាក់ស្ដែងជនទាំងនោះត្រូវបានចាត់ឱ្យបម្រើការងារល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្ស ដោយត្រូវបានក្រុមឧក្រិដ្ឋជនធ្វើការជួញដូរ ឬផ្ទេរបន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬពីក្រុមមួយទៅក្រុមមួយ ដោយពុំមានការព្រមព្រៀងពីសាម៊ីខ្លួន ហើយករណីខ្លះទៀតត្រូវទទួលរងនូវអំពើហិង្សា និងការគំរាមកំហែងផ្សេងៗ ប្រសិនមិនអនុវត្តតាមការបង្គាប់បញ្ជាពីក្រុមឧក្រិដ្ឋជន៕
ដោយ៖ពលជ័យ

ads banner