បណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន នូវជំហរប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ (Video Inside)
បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់នូវជំហរប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ក្នុងឱកាសដែលទទួលជួប ពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនលោក លីវ ជាឆាវ ។ ជំនួបនេះ បានធ្វើនារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ក្នុងឱកាសដែលលោក លីវ ជាឆាវ កំពុងបំពេញទស្សនកិច្ចក្នុងរាជធានីភ្នំពេញ។
លោក លីវ ជានឆាវ បានជម្រាបជូនថា គោលបំណង នៃទស្សនកិច្ចក្នុងប្រទេសកម្ពុជានេះ គឺដើម្បីពង្រឹងនិងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងគណបក្សរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតបបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណបក្សកុម្មុយនីស្តចិន ដែលជានិច្ចជាកាល តែងតែជួយឧបត្តម្ភគាំទ្រដល់គណបក្សរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានស្នើឱ្យមិត្តចិនបន្តជួយសម្រួលដល់និសិ្សតកម្ពុជា ក្នុងការវិលត្រលប់ទៅ បន្តការសិក្សានៅប្រទេសចិនវិញ និងជួយជំរុញវិនិយោគិនចិន ឱ្យមកវិនិយោគ លើវិស័យកសិកម្ម និងបន្តជំរុញឱ្យមានអ្នកទេសចរណ៍មកទស្សនកិច្ចនៅកម្ពុជាកាន់តែច្រើន ក្រោយពីស្ថាន ភាពជំងឺកូវីដ-១៩ បានល្អប្រសើរ។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចតែងប្រកាន់ខ្ជាប់ចំពោះគោលនយោបាយចិនតែមួយឥតងាករេ នៅគ្រប់កាលៈទេសៈទាំងអស់។
លោកបានប្តេជ្ញាបន្តធ្វើការជាមួយភាគីចិន ក្នុងការគាំទ្រគ្នា ទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាពរួម និងផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ជាទីបញ្ចប់ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹង និងពង្រីកនូវចំណងមិត្តភាពដែកថែប និងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន៕