កម្ពុជាគ្រោងបើកការដ្ឋានសាងសង់រោងចក្រវេចខ្ចប់វ៉ាក់សាំងនៅខែវិច្ឆិកា (Video Inside)

កម្ពុជានឹងគ្រោងបើកការដ្ឋានសាងសង់រោងចក្រច្រក និងវេចខ្ចប់វ៉ាក់សាំងលើកដំបូង នៅខែវិច្ឆិកា ខាងមុខនេះ ជាមួយទុនដំបូងប្រមាណ ១០០លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់នៅថ្ងៃទី២៦សីហានេះ ជុំវិញការបង្កើតរោងចក្រ ក្នុងឱកាសចុះពិនិត្យដំណើរការបូមខ្សាច់បំពេញដី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នានា ដើម្បីត្រៀមការបើកការដ្ឋានសាងសង់រោងចក្រនោះជាផ្លូវការ។

រោងចក្រច្រក និងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលគ្រោងសាងសង់លើផ្ទៃដីទំហំ៥ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិទួលអម្ពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល គឺជាកិច្ចសហការគ្នារវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac របស់ចិន។

តំណាងសហគ្រាសឱសថកម្ពុជា លោក ធាន សេង បានថ្លែងថា រោងចក្រផលិតវ៉ាក់សាំងនេះ គឺជារោងចក្រដំបូងនៅក្នុងប្រទេសកម្ពុជា ហើយនឹងត្រូវសាងសង់ឡើងដោយយកចិត្តទុក ដាក់ខ្ពស់បំផុតតាមបទដ្ឋានបច្ចេកវេជ្ជសាស្ត្រ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានឱ្យដឹងថារោងចក្រនេះគ្រោងបញ្ចប់ការសាងសង់ និងដាក់បម្រើការច្រក និងវេចខ្ចប់វ៉ាក់សាំងនៅឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង ១០៤លានដូស ដែលនឹងត្រូវវេចខ្ចប់ នៅក្នុងរោងចក្រនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។

ads banner