រដ្ឋបាលរាជធានីប្រកាសផ្អាកចរាចរណ៍៣ថ្ងៃលើផ្លូវ៦០ម៉ែត្រ (Video Inside)
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសផ្អាកការធ្វើដំណើរបណ្តោះអាសន្នលើកំណាត់ផ្លូវ ៦០ម៉ែត្រ រយៈពេល ៣ថ្ងៃ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរ ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញថ្ងៃនេះ ការផ្អាកធ្វើចរាចរណ៍ ចាប់ពីម៉ោង៥ព្រឹកថ្ងៃទី២៩សីហា រហូតដល់ថ្ងៃទី៣១ ខែសីហា។ កំណាត់ផ្លូវដែលហាមធ្វើដំណើរឆ្លងកាត់ គឺចាប់ពីចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយនឹងវិថីកងយុទ្ធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) រហូតដល់ ស្តុបចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ជាមួយមហាវិថី អ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ)។
គួរបញ្ជាក់ថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរទៀតក្នុងរាជធានីភ្នំពេញ។ ផ្លូវអាកាសថ្មីទាំងពីរនេះ ស្ពានមួយសាងសង់នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយនឹងវិថីកងយុទ្ធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងមួយ ទៀតសាងសង់នៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤)៕