មន្រ្តីជំនាញ កំពុងសិក្សាស្រាវជ្រាវ ចំនួនសត្វឈ្លូស នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការចូលរួមនិងគាំទ្រ ពីគម្រោងស្រាវជ្រាវរបស់អង្គការ WWFបានកំពុងចុះដាក់កាំមេរ៉ាស្វ័យប្រវត្តិក្នុងតំបន់ស្តារសត្វព្រៃឡើងវិញ ចំនួន ២៥ទីតាំង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដើម្បីតាមដានចំនួនសត្វរំពារ(ឈ្លូស)នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ភូមិសាស្រ្តខេត្តមណ្ឌលគិរី ។
យោងតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ៣០ ខែសីហាឆ្នាំ២០២២ថា នេះជាលើកទីមួយហើយ ដែលក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ចុះដាក់កាំមេរ៉ាស្វ័យប្រវត្តិ តាមដានចំនួនសត្វរំពារ(ឈ្លូស) ក្នុងតំបន់ស្តារសត្វព្រៃឡើងវិញឈ្លូស (Red muntjac) ស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោក។
សត្វឈ្លូសត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះមាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។ សត្វប្រភេទនេះកំពុងប្រឈមនឹងរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ការបណ្តើរឆ្កែទាក់ចាប់ ការដាក់អន្ទាក់ដើម្បីយកសាច់ធ្វើជាអាហារនិងគ្រោះថ្នាក់ដោយសារតែពពួកសត្វស៊ីសាច់ជាអាហារ។
តាមការសិក្សារបស់អ្នកជំនាញ ឈ្លូសអាចរស់នៅគ្រប់ប្រភេទព្រៃ។ វាអាចបន្លឺសំឡេងខ្លាំងនិងតតបគ្នា រហូតដល់រយៈពេល ១ម៉ោង ប្រសិនបើវាជួបនូវគ្រោះអាសន្ន ហើយសំឡេងនេះអាចឮរហូតដល់ ១គីឡូម៉ែត្រ។ ចំណីរបស់វាមានដូចជាមែកឈើតូចៗ ពិសេសស្លឹករុក្ខជាតិ ផ្លែឈើដែលធ្លាក់និងដំណុះកូនឈើ ។ នៅតំបន់ខ្លះ វាធ្វើសកម្មភាព និងចេញរកចំណីនៅពេលថ្ងៃ ប៉ុន្តែវាអាចធ្វើសកម្មភាពនិងរកចំណី ពេញមួយយប់ ប្រសិនបើមានការរំខាន។
រដូវបន្តពូជប្រព្រឹត្តទៅនៅខែធ្នូ រហូតដល់ខែមករា និងផ្តល់កំណើតកូន ១ក្បាល ជួនកាលភ្លោះប៉ុន្តែកម្រមានណាស់។
ក្នុងប្រភេទជម្រុះស្នែង សត្វឈ្លូសជាប្រភេទសត្វដែលមានមាឌតូច និងមានស្នែងខ្លីប្រវែងពី១០ទៅ១៥សង់ទីម៉ែត្រ ព្រមទាំងប្រវែងខ្នែងមិនលើសពី៥សង់ទីម៉ែត្រទេ។ ឈ្លូសញីគ្មានស្នែងដូចឈ្លូសឈ្មោលទេ គឺគ្រាន់តែលេចចេញជាដុំពក ឆ្អឹងតូចនៅពីលើក្បាលជាមួយរោមកញ្ចុំប៉ុណ្ណោះ។
គួរបញ្ជាក់ថាឈ្លូសញីនិងឈ្មោលមានចង្កូមដូចគ្នា ប៉ុន្តែឈ្មោលមានលក្ខណៈវែងជាង ដែលជាទូទៅវាប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយគូប្រជែង នៅពេលដណ្តើមញីនៅរដូវបន្តពូជ។ វាមានរោមពណ៌ត្នោត លឿង ហើយមានភាពស្រគាំនៅផ្នែកខាងលើ និងព្រលែតនៅផ្នែកខាងក្រោម។ នៅលើផ្ទៃមុខបង្ហាញនូវខ្សែឆ្នូតពណ៌ខ្មៅស្ថិតនៅជាប់ចង្អូរស្នែងទាំង២ ។ នៅខាងលើកន្ទុយមានពណ៌ក្រហម និងខាងក្រោមមានពណ៌ស ៕ ដោយ៖ម៉ាដេប៉ូ



