សហរដ្ឋអាមេរិកបង្ហាញបំណងវិនិយោគលើវិស័យហ្គាសថាមពល និងកំពង់ផែ (Video Inside)
សហរដ្ឋអាមេរិកបានបង្ហាញបំណងចង់វិនិយោគលើវិស័យហ្គាសថាមពល (LPNG) និងវិស័យកំពង់ផែជាមួយកម្ពុជា។ ការបង្ហាញបំណងចង់បណ្តាក់ទុនលើវិស័យទាំងនេះ ត្រូវបានលើក ឡើងដោយគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី Carol Miller ក្នុងឱកាសជួបពិភាក្សាជាមួយនឹងទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលនៅទីស្តីការក្រសួងសាធារណការ និង ដឹកជញ្ជូនកាលពីថ្ងៃទី២៩សីហាឆ្នាំ២០២២។
លោកស៊ុន ចាន់ថុលដែលជារដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន បានស្វាគមន៍ចំពោះក្រុមហ៊ុនធុរកិច្ចរបស់សហរដ្ឋអាមេរិក ដែលមានបំណងចង់បណ្តាក់ទុកវិនិយោគនៅកម្ពុជា ជាពិសេសវិស័យកំពង់ផែ និងវិស័យហ្គាស និងថាមពល (LPNG) ហើយលោកបញ្ជាក់ថា កម្ពុជាបើកចំហរ និងត្រៀមខ្លួនសម្របសម្រួល ក្រុមហ៊ុនធុរកិច្ចសហអាមេរិក ដែលមកវិនិយោគនៅកម្ពុជានេះ។
ក្នុងជំនួបដដែលនេះផងទៀត ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពន្យល់ក្រុមគណៈប្រតិភូអាមេរិកដែលបានឃើញជាក់ ស្តែងនុវការរីកចំរើនរបស់កម្ពុជា, ភាពជាក់ស្ដែងនូវជីវភាពរស់ នៅសំបូរសប្បាយរបស់ប្រជា ពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលខុសពីអ្វីលើកឡើងដោយមតិជំទាស់មួយចំនួន។
ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់។ ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ ជាង ៧ពាន់៨២៦លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៧ពាន់៤៩០លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានជាង ៣៣៦លានដុល្លារ។