សមាគមអតីតយុទ្ធជនកម្ពុជា គ្រោងនឹងប្រគល់ផ្ទះ ចំនួន៤០០ ខ្នងដល់អតីតយុទ្ធជន (Video Inside)
សមាគមអតីតយុទ្ធជនកម្ពុជា គ្រោងនឹងប្រគល់ផ្ទះ ចំនួន៤០០ ខ្នងបន្ថែមទៀត ជូនអតីតយុទ្ធ ជននៅក្នុងឆ្នាំ២០២២នេះ។
អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងកាលពីថ្ងៃទី២៩សីហាឆ្នាំ២០២២ក្នុងឳកាសចុះពិនិត្យ ដំណើរការសាងសង់ផ្ទះជូនអតីតយុទ្ធជន ស្ថិតក្នុងឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បញ្ជាក់ថា សមាគមអតីតយុទ្ធជនកម្ពុជា គ្រោងបញ្ចប់ការសាងសង់ដំណាក់កាលទី ២ ដោយ នឹងប្រគល់ផ្ទះចំនួន ៤០០ខ្នងបន្ថែមទៀតជូនអតីតយុទ្ធជនក្នុងខេត្ត៤ រួមមានខេត្តបាត់ដំបង ឧត្តរមានជ័យ កំពង់ឆ្នាំង និងព្រះសីហនុ នៅដំណាច់ឆ្នាំ ២០២២ នេះ។
អតីតកាលសង្គ្រាមក្នុងប្រទេសកម្ពុជា បានបន្សល់ទុកអតីតយុទ្ធជនពិការចំនួនជិត៩ម៉ឺននាក់ និងមនុស្សក្នុងបន្ទុកចំនួន១៥ម៉ឺននាក់។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេស តែងចងចាំជានិច្ច នូវការលះបង់និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់ រូបចំពោះជាតិមាតុភូមិ។ កម្ពុជាបានអស់សង្គ្រាមស៊ីវិលទាំងស្រុងក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោហ៊ុនសែននាចុងឆ្នាំ១៩៩៨។