ប្រមុខអ.ស.ប អំពាវនាវសុំជំនួយបន្ទាន់ប្រមាណ ១៦០លាន ដុល្លារជួយដល់ប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ អង្គការសហប្រជាជាតិ(អ.ស.ប) និងប៉ាគីស្ថាន ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានចេញសេចក្តីអំពាវនាវ សុំជំនួយ ចំនួន ១៦០លានដុល្លារសម្រាប់មូលនិធិគ្រាអាសន្ន ដើម្បី ជួយ មនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ដែលបានឆក់យកជីវិតមនុស្សជាង ១,១៦០ នាក់ ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក សាបាស សារីហ្ស បាននិយាយ ថា ទឹកជំនន់ឆ្នាំនេះបំផ្លាញផលដំណាំធ្ងន់ធ្ងរណាស់ ហើយ រដ្ឋាភិបាលរបស់លោកពិចារណានាំចូលស្រូវសាឡី ដើម្បី បញ្ចៀស ការខ្វះខាតស្បៀង។

លោកសន្យាថា ថវិការជំនួយអន្តរជាតិនឹងត្រូវចំណាយ ដោយតម្លាភាព ហើយធានាថា ជំនួយនឹងបានទៅដល់ដៃ ជនរងគ្រោះគ្រប់គ្នា។ ទន្ទឹមគ្នា អគ្គលេខាអ.ស.បលោក អាន់តូនីញ៉ូ ហ្គូធឺរែស បានថ្លែងថា ទឹកជំនន់នៅប៉ាគីស្ថាន បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងរាប់សប្តាហ៍ ជាសញ្ញាមួយ ទៅកាន់ពិភពលោកអោយចាត់វិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាបន្ទាន់។

លោកបាននិយាយក្នុងសារជាវីដេអូមួយទៅកាន់ពិធីអំពាវនាវសុំជំនួយនេះនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដថា តោះឈប់ដើរទាំង ដេកលក់ទៅកាន់ភាពអន្តរាយនៃភពផែនដីរបស់យើង… ថ្ងៃនេះ ជាប៉ាគីស្ថាន ថ្ងៃស្អែកអាចជាប្រទេសរបស់អ្នក។ លោក ហ្គូធឺរែស នឹងទៅធ្វើទស្សនកិច្ចនៅប៉ាគីស្ថាននាថ្ងៃ០៩ ខែកញ្ញា ខាងមុខ ដើម្បីទៅមើលដោយផ្ទាល់តំបន់ រងគ្រោះខ្លាំងបំផុត នៃអន្តរាយអាកាសធាតុដែលមិនធ្លាប់មានពីមុន។
នេះបើតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក ស្ទេហ្វាន ឌូចារិក។

សូមបញ្ជាក់ថា មនុស្សជាង៣៣លាននាក់ ឬស្មើនឹងម្នាក់ក្នុង ចំណោមប្រជាជនប៉ាគីស្ថានប្រាំពីរនាក់រងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដ៏អន្តរាយ ដែលបានបំផ្លាញប្រទេសដែលកំពុង ជួប បញ្ហាសេដ្ឋកិច្ចស្រាប់។

លំនៅឋានជាងមួយលានខ្នងត្រូវបានបំផ្លាញ ឬរងការខូច ខាតក្នុងពេលជាងពីរខែមកនេះ និងមនុស្សរាប់លាននាក់ បានភៀសខ្លួន ក្នុងនោះកន្លះលាននាក់រស់នៅក្នុងជំរុំរបស់ រដ្ឋខណៈដែលអ្នកដទៃទៀតរកកន្លែងរស់នៅដោយពួកគេផ្ទាល់៕
ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner