ប្រជាពលរដ្ឋ ដែលជួបការលំបាក និងមានជីវភាពខ្វះខាតប្រចាំថ្ងៃចំនួន ២៥គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលអំណោយ មន្ត្រីសង្ឃក្រុងសៀមរាប

សៀមរាប ៖ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ មន្ត្រីសង្ឃក្រុងសៀមរាប ខេត្តសៀមរាប បាននិមន្តដឹកនាំដោយព្រះគ្រូប្រាសាទចន្ទរង្សី សាសនធរោបណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តទេពពោធិវង្ស ហៅវត្តថ្មី ក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងព្រះរាជាគណៈ ព្រះចៅអធិការវត្ត មួយចំនួនក្នុងក្រុងសៀមរាប បាននាំយកទេយ្យទានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកនិងមានជីវភាពខ្វះខាតប្រចាំថ្ងៃចំនួន ២៥គ្រួសារ នៅភូមិខ្វែក ឃុំមោងចំនួន ១២គ្រួសារនិងភូមិគោកព្នៅ ឃុំស្លែងស្ពាន ចំនួន ១៣គ្រួសារស្ថិតនៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប សំភារៈដែលញាតិញោមទទួលបានក្នុងមួយគ្រួសារៗ រួមមាន៖

-អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា១កេស អំបិល១គីឡូក្រាម ប៊ីចេង១គីឡូក្រាម ស្ករស១គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ សារ៉ុង១ ថវិកា៣ម៉ឺនរៀល។

ព្រះគ្រូប្រាសាទចន្ទរង្សី បណ្ឌិត ឡាច លាង មានសង្ឃដីកា ថា អំណោយទាំងនេះ បានមកពីសទ្ឋាជ្រះថ្លារបស់ឧបាសក ឧបាសិកា ពុទ្ធបរិស័ទជិតឆ្ងាយ យកមកប្រគេនដល់ព្រះសង្ឃ រយ:កាលកន្លងមក ហើយព្រះសង្ឃលៃលកសន្សំទុក ដើម្បីសម្រាប់ធ្វើការចែករំលែកជូនដល់គ្រួសារជួបការលំបាកក្នុងជីវភាព នៅគ្រប់ទីកន្លែង ជាក់ស្តែងពេលនេះ តបតាមការស្នើសុំរបស់ក្រុមការងារយុវជនចុះជួយមូលដ្ឋានស្រុក ក៍ដូចជាអាជ្ញាធរមូលដ្ឋានបានសំណូមពរបើមានគ្រឿងឧបភោគបរិភោគអាចចែករំលែកបានសូមយកមកធ្វើសង្ឃគហៈទានដល់គ្រួសារខ្វះខាតក្នុងស្រុកស្រីស្នំនេះផង ហើយព្រះក្រុមសង្ឃក៍ឆ្លើយតបទៅនឹង សេចក្តីត្រូវការចាំបាច់ជាក់ស្តែងនាពេលនេះតែម្តង ព្រោះថា ទុក្ខលំបាក ភាពខ្វះខាតរបស់ពុទ្ធបរិស័ទ ក៏ដូចជាទុក្ខលំបាករបស់ព្រះសង្ឃដែរ ។

ក្នុងនាមអាជ្ញាធរស្រុកលោកស្រី ឈន សុគន្ធា តំណាងក្រុមការងារយុវជនចុះជួយស្រុកស្រីស្នំ និង លោកស្រី ចាន់ សួយ អភិបាលរងស្រុក បានថ្លែង អំណរព្រះគុណ ដល់ព្រះមន្ត្រីសង្ឃសាលាអនុគណក្រុង ព្រះថេរានុត្ថេរៈ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា មកជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកស្រីស្នំនាពេលនេះ ដើម្បីការជួយសម្រាលជីវភាពដល់គ្រួសារទីទ័លខ្វះខាត។

លោកស្រី ចាន់ សួយ មានប្រសាសន៍ថា៖ អំណោយមនុស្សធម៌នេះ ជាគុណបំណាច់ដ៏ធំធេងណាស់សម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតគឺអាចជួយសម្រាលនូវភាពខ្វះខាតបានមួយរយ:ពេលផងដែរ ។ លោកស្រី ក៏បានអំពាវនាវដល់សប្បុរសជនដទៃទៀត មេត្តាបន្តផ្តល់អំណោយជាមនុស្សធម៌ ឲ្យបានច្រើនបន្តទៀត ដើម្បីអាជ្ញាធរស្រុកមានលទ្ធភាព ផ្គត់ផ្គង់ និងចែកជូនដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតជីវភាព ក្នុងការជួយសម្រាលទុក្ខលំបាកនៅក្នុងវិបត្តិជំងឺកូវីដ-១៩ ដែលមានទាន់ឃ្លាតទៅណានៅឡើយ ៕ ដោយ ស៊ាន សុផាត

ads banner