ប្រាសាទអូរតុប ជាកន្លែងទេសចរណ៍នៅលើខ្នងភ្នំគូលែន មិនសូវមានអ្នកស្គាល់

ខេត្តសៀមរាប ៖ ប្រាសាទ អូរ តុប គឺជា ប្រាសាទបុរាណខ្មែរមួយ ក្នុង ចំណោម ប្រាសាទផ្សេងៗទៀត លើភ្នំគូលែន ដែលបាន សាងសង់ អំពីឥដ្ឋបែរមុខទៅទិសខាងកើត សង់លើខឿនថ្មបាយក្រៀម ហើយមានធម្មជាតិ ព្រៃ ព្រឹក្សា នៅព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត។

ប្រាសាទនេះមានតួប៉មបី តួសងខាងបាក់បែក តួកណ្តាលមានការទ្រុឌទ្រោម និងគេមិនបានប្រទះឃើញស្លាកស្នាមសិល្បៈដូចជាផ្តែរ ឬសសរពេជ្រនោះទេ ។ នៅក្បែរប្រាសាទនេះមានស្លាកស្នាមកាប់ថ្មសម្រាប់ប្រើប្រាស់ និងស្លាស្នាមរន្ធសសរដែលមុនមានសំណង់ឈើខាងលើ។ ប្រាសាទបុរាណស្ថានមួយនេះសព្វថ្ងៃស្ថិតនៅលើទីតាំងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

លោក យ៉ិប ម៉ៃ ដែលជាអ្នកមើលការខុសត្រូវ និងថែរក្សាតំបន់ប្រាសាទមួយនេះបានឱ្យដឹងថា ជារឿយៗអ្នកទេសចរតែងចូលកម្សាន្តតំបន់ប្រាសាទនេះញឹកញប់ដែរ ហើយភាគច្រើនគឺតែងមកបន់ស្រន់តាមអប្បិយជំនឿរបស់ពួកគេ។បើទោះបីប្រាសាទនេះនៅលាក់ខ្លួននៅព្រៃជ្រៅ និងស្ថានភាពផ្លូវលំបាកបន្តិចក្តី ប៉ុន្តែក៏តែងមានអ្នកទេសចរចូលមកកម្សាន្តផងដែរ។

លោកបានឱ្យដឹងផងថា អ្នកទេសចរចូលដល់ប្រាសាទនេះតែងអុជធូបបន់ស្រន់ និងអ្នកខ្លះបានដងទឹកទីកន្លែងនេះលុបមុខបាត់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនក្នុងជីវិតរបស់ពួកគេ។
គួរបញ្ជាក់ថាភ្នំគូលែនជាទីតាំងប្រវត្តិសាស្រ្ត និង ក៏ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា។នៅទីតាំងដ៏ពិសិដ្ឋមួយនេះបានបន្សល់ទុកនូវប្រាសាទបុរាណ និងស្ថានីយ៍បុរាណជាច្រើនកន្លែង។ក្រៅពីនេះក៏មានតំបន់ទឹកធ្លាក់គួរជាទីកម្សាន្តមនោរម្យជាច្រើនកន្លែងទៀត៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner