អគ្គលេខាធិការរង ចាត់ទុកកីឡាស្គែតជាកីឡាប្រជាប្រិយភាពទាកទាញខ្លាំងសម្រាប់យុវជន

សហព័ន្ធកីឡាស្គែតកម្ពុជាបានរៀបចំការប្រកួតស្គីក្តារ Cambodia Rookie Fest ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ដួង មាសចំរើន អគ្គនាយករង អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម តែម មុឺន អគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ពិត ករុណា អនុប្រធាននាយកដ្ឋានចលនាយុវជន ស្ថាប័នក្នុងស្រុក និងទំនាក់ទំនងសាធារណៈ សហភាពសហព័ន្ធយុវជនកម្ពុជា។
ការប្រកួតនេះ ជាផ្នែកនៃព្រឹត្តិការណ៍ World Rookie Tour 2022 ដែលរៀបចំឡើងតាមបណ្តាប្រទេសនានា។ ដោយឡែកកម្ពុជាជាប្រទេសទីមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ឆ្នាំ២០២២នេះ កីឡាករដែលបានចូលរួមប្រកួតមានចំនួន១៤រូបផ្នែកវិញ្ញាសាស្គីក្តារវិថីក្រោមអាយុ១៨ឆ្នាំ និង៤រូប ផ្នែកវិញ្ញាសាស្គីក្តារវិថីក្រោមអាយុ១៤ឆ្នាំ។ ការប្រកួតបានប្រព្រឹត្តទៅដោយមានចៅក្រមផ្តល់ពិន្ទុចំនួន៥រូប ក្នុងនោះ៣រូបជាចៅក្រមបរទេស (ជនជាតិកូឡូមប៊ី ជនជាតិអូស្ត្រាលី និងស្វីស)។ បទបញ្ជានៃការប្រកួតត្រូវបានយកតាមបទដ្ឋានរបស់សហព័ន្ធអន្តរជាតិវើលស្គែត និងបទបញ្ជាសម្រាប់អូឡាំពិកប៉ារីស២០២៤។
ឯកឧត្តម តែម មុឺន បានសង្កត់ធ្ងន់លើការប្រមូលផ្តុំ ការហាត់ហ្វឹកហ្វឺន ពិសេសការរៀបចំការប្រកួត ដើម្បីជម្រុញអោយវិស័យកីឡានេះ កាន់តែរីកចម្រើន។ កីឡានេះពិតជាមានប្រជាប្រិយភាព និងសារៈប្រយោជន៍ដល់យុវជន ក្នុងការពង្រឹងសុខភាព និងជៀសផុតពីការប្រើប្រាស់គ្រឿងឧបាយមុខផ្សេងៗ។ ដោយឡែក ឯកឧត្តម ពិត ករុណា បានផ្តោតលើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តអោយយុវជនមួយលេងកីឡាមួយ។
ក្រោយពីការប្រកួតដ៏ស្វិតស្វាញ ជ័យលាភីផ្នែកស្គីក្តារវិថីអាយុក្រោម១៨ឆ្នាំ ចំណាត់លេខ១បានទៅលើ វ៉ាន់ យិនតុលា អាយុ១៨ឆ្នាំ ចំណាត់ថ្នាក់លេខ២ ឌួង ច័ន្ទសុវណ្ណរតនៈ អាយុ១៧ឆ្នាំ និងចំណាត់ថ្នាក់លេខ៣ ជូ ចាន់វី អាយុ១៨ឆ្នាំ។ ដោយឡែក ផ្នែកស្គីក្តារវិថីអាយុក្រោម១៤ឆ្នាំ ចំណាត់លេខ១បានទៅលើ ខឹម ច័ន្ទស័ក្ត អាយុ១៤ឆ្នាំ ចំណាត់ថ្នាក់លេខ២ ឡន រាជធានី អាយុ១៤ឆ្នាំ និងចំណាត់ថ្នាក់លេខ៣ បុិច គីមឡុង អាយុ១៣ឆ្នាំ។ ម្ចាស់ជ័យលាភីលេខ១ ផ្នែកស្គីក្តារវិថីអាយុក្រោម១៨ឆ្នាំនឹងត្រូវចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ World Rookie Tour 2022 ដែលមានជាង៤០ប្រទេសចូលរួម នៅប្រទេសអូទ្រីស ចុងខែកញ្ញាខាងមុខនេះ៕ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner