ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយ អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតីឡាវ
ភ្នំពេញ៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើង គោកនៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ។

ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីឡាវបានសម្តែងនូវការស្វាគមន៍ប្រកបដោយក្តីរីករាយចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងក្តីនឹករឭកក្នុងមនោសញ្ចេតនាជិតស្និទ្ធដូចជាបងប្អូន។ ឯកឧត្តម ក៏បានថ្លែងនូវការអបអរសាទរ និងកោតសរសើរចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាតំបន់ និងសាកលដែលកំពុងមានភាពស្មុគស្មាញ។
ឯកឧត្តមប្រធានាធិបតីឡាវ បានគូសបញ្ជាក់បន្ថែមថា ឡាវ-កម្ពុជា ជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា ដែលមានបំណងប្រាថ្នារួម គឺសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនទាំងអស់គ្នា។ ក្នុងន័យនេះឯកឧត្តម បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដូចអ្វីដែលឯកឧត្តម ហ៊ុន ម៉ាណែត បានពិភាក្សា និងឯកភាពគ្នាជាមួយប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ ដើម្បីសុខសន្តិភាព និងទំនាក់ទំនងកាន់តែល្អជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅរបស់ឯកឧត្តម ប្រធានាធិបតីឡាវ និងបានថ្លែងអំណរគុណចំពោះការគាំទ្រដល់ទិសដៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងកិច្ចសហការឱ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង និងការពារមាតុភូមិទាំងពីរលើមូលដ្ឋាននៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។
ក្នុងឱកាសនោះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះប្រទេសឡាវ និងប្រជាជនឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសវិធានការរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាតំបន់៕ ដោយ៖ ពល ជ័យ
