សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួម អបអរខួបលើកទី៧៧ នៃទិវាបុណ្យជាតិវៀតណាម និង ខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និងវៀតណាម
ក្នុងឱកាសរំលឹកខួបលើកទី៧៧ ទិវាឯករាជ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២២) ថ្នាក់ដឹកនាំ នៃស្ថានទូតអាមេរិក ឥណ្ឌា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណៈរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រថៃ សាធារណៈរដ្ឋគុយបា សហព័ន្ធរុស្ស៊ី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រ៊ុយណេដារូសាឡឹម សាធារណៈរដ្ឋឥណ្ឌូនេស៊ី និងសាធារណៈរដ្ឋសឹង្ហបុរី បានចូលរួម និងជូនសារលិខិតអបអរសាទរថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម។
ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ គឺជាព្រឹត្តិការណ៍ ដ៏ សំខាន់ ដែលជាចំណុចរបត់ប្រវត្តិសាស្ត្រ របស់ប្រទេសវៀតណាម ឆ្ពោះទៅរកជ័យជម្នះ នៃសង្គ្រាមវៀតណាម ខាងត្បូង នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥។ ថ្ងៃនោះ គឺជាថ្ងៃ នៃ ការបង្កើត សាធារណរដ្ឋ ប្រជាធិបតេយ្យ វៀតណាម ហើយត្រូវបានគេចាត់ទុកថា ជា ទិវា ឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គម និយមវៀតណាមបច្ចុប្បន្ន។ កាលនោះមេដឹកនាំ ឬ សមមិត្ត ហូជីមិញ បាន អាន សេចក្តី ប្រកាសឯករាជ្យនៅទីលាន Ba Dinh ដោយប្រកាសជាផ្លូវការនូវឯករាជ្យជាតិ និង អធិបតេយ្យភាព របស់ វៀតណាម ពី អាណានិគម និយម ជប៉ុន និង បារាំង។
ជាមួយនឹង ការប្រារព្ធព្រឹត្តិការណ៍នេះ ឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា បានលើកឡើងពីទំនាក់ទំនងរវាង កម្ពុជា និងវៀតណាម ហើយជាប្រទេសភូមិផងរបងជាមួយ ដែលមានចំណង សាមគ្គីភាព មិត្តភាព ផ្សារភ្ជាប់នឹងគ្នាតាំងពីយូរយារណាស់មកហើយ ដោយបាន រួមសុខរួមទុក្ខគ្នាលើដំណើរដ៏វែងឆ្ងាយកន្លងទៅ ហើយនឹងបន្តប្រកៀកស្មាគ្នាជាបន្តលើដំណើរឈានទៅមុខទៀត។ ដំណើរអស់រយៈពេល ៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរកន្លងទៅនិយាយដោយឡែក និងចំណងសាមគ្គីភាព មិត្តភាពជា ប្រពៃណីនិយាយរួម ត្រូវបានលត់ដំតាមរយៈការឆ្លងកាត់បញ្ហាប្រឈមជាច្រើន ហើយត្រូវបានកសាងឡើងដោយបញ្ញា សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំ វីរបុរស វីរនារី អតីតយុទ្ធជនពលី យុទ្ធជនពិការ និងកុលបុត្រកុលធីតាដ៏ឆ្នើមជាច្រើនជំនាន់ នៃប្រទេសទាំងពីរ ។
ឯកត្តម បន្តថា ទំនាក់ទំនងលើវិស័យអប់រំ បណ្តុះបណ្តាល សុខាភិបាល វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកទេស ជំនួបប្រាស្រ័យរវាងអង្គការមហាជន និងកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត អាជ្ញាធរមូលដ្ឋានជាប់ព្រំដែននឹងគ្នា ក៏ត្រូវបានពង្រីកឲ្យកាន់តែទូលំទូលាយ ដែលជា“ស្ពានចម្លង”សម្រាប់រួមចំណែកដល់ការលើកកម្ពស់ នូវការយល់ដឹងរបស់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេសជំនាន់យុវវ័យស្ដីពីប្រពៃណីនៃសាមគ្គីភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅមកររវាងប្រទេសទាំងពីរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍សម្តែងការអបអរសាទរ នៃការប្រារព្ធខួបលើកទី៧៧ ទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ជាច្រើនសន្ធឹកសន្ធាប់ ដែលប្រទេសវៀតណាម សម្រេចបានរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ចាប់តាំងពីបានទទួលឯករាជ្យពីអាណានិគមនិយម រហូតបានអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនគួរជាទីមោទន ជាពិសេស ការធានា បានសូនសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋរបស់ខ្លួន។
សម្តេចពញាចក្រី ហេង សំរិន បន្តថា ក្នុងខណៈដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិជាច្រើន រួមមាន៖ វិបត្តិសុខាភិបាល វិបត្តិនយោបាយ ព្រមទាំង វិបត្តិសេដ្ឋកិច្ចនិងមនុស្សធម៌ជាដើមដែលបង្កឡើងដោយជំងឺរាត ត្បាតសកលកូវីដ-១៩ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជម្លោះនានានៅក្នុងផ្នែកមួយចំនួននៃពិភពលោក និងការប្រែប្រួលអាកាសធាតុជាដើម បានធ្វើឱ្យពិភពលោកបច្ចុប្បន្នកាន់តែមានភាពមិនប្រាកដប្រជាគ្រោះថ្នាក់ និងស្មុគ្រស្មាញខ្លាំងឡើង ក៏ប៉ុន្តែប្រទេសយើងទាំងពីរនៅតែរក្សាបានកិច្ចនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងបានជួយគ្ន ទៅវិញមក ។ ក្នុងការរួមគ្នាដោះស្រាយនូវវិបត្តិនានាប្រកបដោយជោគជ័យ ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្ត ភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និង និរន្តភាពយូរអង្វែង”។
សម្តេចពញាចក្រី សង្ឃឹមថា ចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងសហប្រតិបត្តិការដ័ល្អរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីក កាន់តែមានភាពរឹងមាំ និងស្អិត រមួតថែមទៀតលើគ្របវិស័យ ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ដែលនឹងរូមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតក្នុងតំបន់ និងសកលលោក។
សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាម ជាពិសេស សម្រេចបាននូវបំណងប្រាថ្នារបស់ខ្លួន ក្នុងការប្រែក្លាយប្រទេស ជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ខាងមុខ៕ដោយ ថេត វិចិត្រ + ហេង សម្បត្តិ



