ក្រុមបណ្តាញស្ត្រី នៅក្នុងឃុំកោងកាង ស្រុកពញាក្រែក ១៨៧នាក់ ទទួលបានចណេះដឹងបន្ថែម ឲ្យចេះអនុវត្តនូវគោលការណ៍ស្មារតីសាមគ្គីធម៌
ខេត្តកំពង់ចាម ៖ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នេះ លោកជំទាវ ហត្ថចក្រមហាឧបាសិកាពុទ្ធសាសនូបបត្ថម្ភត៍ ឆន ហ៊ន់ កងណែម ជាសកម្មជនស្ម័គ្រចិត្ត ចុះជួយបង្ហាត់បង្ហាញ ដល់ក្រុមបណ្តាញស្រ្តី ក្នុងភូមិទាំងអស់ នៃឃុំកោងកាង ស្រុកពញាក្រែក ។
លោក លី សុភាលីន អភិបាលស្រុកពញាក្រែក ក៏បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយ ប្រធានក្រុមបណ្ដាញស្ត្រី ចំនួន ៣ភូមិ រួមមាន ៖ ភូមិកោងកាង ទី១ ទី២ និងកោងកាងទី៣ ចំនួន ៦៩នាក់ បូករួមទាំងប្រធានក្រុម អនុប្រធានក្រុមតំណាងបណ្ដាញស្ត្រី និងប្រធានអនុប្រធានសាខាភូមិទាំង៣ និងអ្នកពាក់ព័ន្ធសរុបចំនួន ១៨៧នាក់ផងដែរ ។
លោកជំទាវ ហត្ថចក្រមហាឧបាសិកាពុទ្ធសាសនូបបត្ថម្ភត៍ ឆន ហ៊ន់ កងណែម មានប្រសាសន៍ថា កម្មវិធីស្មារតីសាមគ្គីធម៌ គឺជាយុទ្ធនាការបង្កើតចលនាសាមគ្គីធម៌ ក្រុមបណ្តាញស្ត្រី ក្នុងឃុំកោងកាង ស្រុកពញាក្រែក សម្រាប់ជួយអ្នកទទួលមរណៈភាព ស្រ្តីឆ្លងទន្លេ ជនពិការរភាព ចាស់ជរាគ្មានទីពឹង កុមារា កុមារី កំព្រានិងគ្រោះថ្នាក់ចរាចរណ៍ តាមការស្ម័គ្រចិត្ត និងសទ្ធាបុណ្យ ។ ជាមួយនោះ លោកជំទាវ ក៏បានបង្ហាញអំពីតួនាទី និងភារកិច្ច ដល់ប្រធានក្រុម អនុប្រធានក្រុម តំណាងបណ្ដាញស្ត្រី ទាំង ៣ភូមិ ស្ថិតនៅក្នុងឃុំកោងកាង ឲ្យចេះចូលរួមជួយលើការងារសង្គមមួយចំនួន និងត្រូវយកចិត្តទុក្ខដាក់ចូលរួមកាងារមនុស្សធម៌ ដោយស្ម័គ្រចិត្ត និងត្រូវចេះចែករំលែកជួយគ្នា ក្នុងគ្រាក្រលំបាកផ្សេងៗទៀត ។
ក្រៅពីនោះ លោកជំទាវ ក៏បានពាំនាំនូវប្រសាសន៍ ចំនួន ៤ចំណុច សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បី ស្រ្តី បានយល់ដឹងផងដែរ ដែលក្នុងនោះ មាន ៖ ១-កុំតាំងខ្លួនជាកូនលោកធំ កុំតាំងខ្លួនជាកូននាយករដ្ឋមន្រ្តី ហើយកុំមានចរិតឆ្មើងឆ្មៃ ត្រូវដាក់ខ្លួន តាំងខ្លួនជាកូនចៅកសិករ ព្រោះពូជពង្សវង្សត្រកូល គណៈបក្សប្រជាជនមួយចំនួនធំ មិនមែនចេញមកពីត្រកូលអភិជនទេ ។ ២-ការរាប់អានមនុស្ស មិនត្រូវមើលលើគេមានទ្រព្យសម្បត្តិ ឬជាកូនលោកធំឡើយ ព្រោះទ្រព្យសម្បត្តិ និងតួនាទី អាចបាត់បង់ទៅពេលណាមួយ ប៉ុន្តែ ទឹកចិត្តល្អ និងការរាប់អានរបស់មនុស្ស នៅបានយូរអង្វែង ។ ៣-ត្រូវខំរៀន កុំដើរលេង ឥតប្រយោជន៍ ព្រោះចំណេះវិជ្ជាសំខាន់ សម្រាប់ ខ្លួនឯង និងប្រទេសជាតិ ។ ៤-ត្រូវធ្វើតែអំពើល្អ និងចេះ ជួយគ្នា នៅពេលត្រូវការ ។ លោកជំទាវ ក៏បានធ្វើការណែនាំ ទៅដល់បងប្អូនបណ្តាញស្រ្តី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះពិចារណា និងសូមកុំឲ្យជឿលើជំនឿគ្មានហេតុផល កុហក់ បោកប្រាស់ និងការញុះញង់ ពីបុគ្គលអគតិណាមួយឡើយ ។
លោកជំទាវ ឆន ហ៊ន់ កងណែម និងក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេច វិបុលសេនាភក្តី សាយ ឈុំ មកឧបត្ថម្ភដល់សមាជិកចូលរួម ក្នុងម្នាក់សារុង ១ ក្រណាត់កាត់អាវ ១ដុំ នឹងថវិកា ១ម៉ឺនរៀល ដែលសរុបថវិកាចំនួន ៦.៦២១.៦០០រៀល ។ ជាមួយនោះ លោកជំទាវ ឆន ហ៊ន់ កងណែម បានឧបត្ថម្ភ ទឹកសុទ្ធចំនួន ១៥យួរ នុំបុ័ង ២០០ដើម កាហ្វេ ដំណាប់ផ្លែឈើ និង ក្រមា សរុបថវិកា ៧០ម៉ឺនរៀល ។ លោកជំទាវ សៀម សេងហាន ប៉ែនអ៊ាន ឧបត្ថម្ភថវិកា ៥៥០.០០០រៀល លោកស្រី ម៉េត គឹមឡាយ ថវិកា ៥០០.០០០រៀល លោក គង់ វិចិត្រ និងលោកស្រី អ៊ូ ណារ៉ា ឧបត្ថម្ភថវិកា ៥៥០.០០០រៀលផងដែរ ៕ លី ពៅ