ខួប១ឆ្នាំនៃក្រុមហ៊ុន 7-Eleven នៅកម្ពុជា៖ ក្រុមហ៊ុនប្ដេជ្ញាបន្តធ្វើអាជីវកម្មជាមួយសង្គមកម្ពុជាប្រកបដោយនិរន្ដរភាព

គិតត្រឹមចុងខែសីហាឆ្នាំ២០២២នេះ ក្រុមហ៊ុន 7-Eleven បានបើក​បម្រើ​សេវាកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា រយៈពេល​១​ឆ្នាំ​មក​ហើយ​។ ពេញ​មួយ​ឆ្នាំ​កន្លង​មក​នេះ ក្រុមហ៊ុន 7-Eleven បាន​ទទួល​ការ​ឆ្លើយ​តប​យ៉ាង​ល្អ​ពី​សំណាក់​អតិថិជន​។ នោះ​ក៏​ព្រោះ​តែ ក្រុមហ៊ុន  7-Eleven ផ្ដោត​សំខាន់​ទៅ​លើ​ការ​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ខ្មែរ ក៏​ដូច​ជា​ផ្ដល់​ជូន​នូវ​សេវាកម្ម​ពិសេស បង្កើត​ចំណាប់​អារម្មណ៍ ស្រប​តាម​ទស្សនវិស័យ «បង្កើត​ស្នាម​ញញឹមដល់​អតិថិជន បង្កើត​ការងារ និង​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ប្រជាជន​ក្នុង​តំបន់​»។

លោក Chairote Thiwat Mancharoen នាយក​គ្រប់​គ្រង​អន្ដរជាតិ​នៃ​ក្រុមហ៊ុន CP All Public Company Limited និង​ជា​នាយក​ប្រតិបត្តិ​នៃ 7-Eleven ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​ថា 7-Eleven នៅកម្ពុជាបានបើកដំណើរការអស់រយៈពេលមួយឆ្នាំហើយ ដោយសាខាចំនួនពីរ មានទីតាំងនៅតំបន់សហគមន៍។ បន្ថែមពីលើ​នោះ 7-Eleven ដែលជាហាងលក់ទំនិញជាតម្រូវការប្រចាំថ្ងៃ ក៏មានវត្តមាននៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលចែកចាយក្នុងខេត្តចំនួន៧ នៅទូទាំងប្រទេស រួមមាន រាជធានីភ្នំពេញ កំពង់ចាម បន្ទាយមានជ័យ សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង និងព្រះសីហនុ ដែលជាខេត្តចុងក្រោយបង្អស់ ដែលទើបតែបើកដំណើរការ កាលពីខែសីហាកន្លងទៅ។ បើតាមលោក Chairote Thiwat Mancharoen ក្រុមហ៊ុនមានផែនការពង្រីកសាខាហាង 7-Eleven ជាបន្តបន្ទាប់ទៀត ដើម្បីជួយសម្រួលដល់ប្រជាជនកម្ពុជាក្នុងវិស័យផ្សេងៗ ហើយ​វា​ជា​កម្លាំង​មួយ​ទៀត​ដែល​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា។

សម្រាប់ប្រទេសកម្ពុជា នាយក​គ្រប់​គ្រង​អន្ដរជាតិ​នៃ​ក្រុមហ៊ុន CP All Public Company Limited លើកឡើងថា៖ «ការពង្រីកសង្គមទីក្រុង នាំទៅដល់ការពង្រីកសេដ្ឋកិច្ច។ ប្រជាជនមានលទ្ធភាពទិញខ្ពស់ជាងមុន។ អ្វី​ដែល​សំខាន់​គឺ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ ចូល​ចិត្ត​ផលិតផល​ថៃ​រួច​ទៅ​ហើយ។ តាមរយៈ ស្ថិរភាពសង្គម និងច្បាប់ដែលគាំទ្រដល់ការធ្វើអាជីវកម្ម រួមទាំងកម្លាំងពលកម្មប្រកបដោយគុណភាពផង ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​កត្តា​លើក​ស្ទួយ​ដល់​ការ​ពង្រីក​ខ្លួន​របស់ 7-Eleven នៅកម្ពុជា។ ក្នុងពេលតែមួយ និន្នាការនៃស្ថានភាព Covid-19 ចាប់ផ្តើមស្ងប់ស្ងាត់ ការ​កម្រើក​ឡើង​វិញ​នៃ​វិស័យទេសចរណ៍ដែលជាក្បាលម៉ាស៊ីនសំខាន់នៃសេដ្ឋកិច្ចកម្ពុជា ក៏ជួយដល់អាជីវកម្មរបស់ 7-Eleven ផងដែរ។»

សម្រាប់​វិធី​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា លោក Chairote Thiwat Mancharoen ប្ដេជ្ញាថា នឹងនៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​គុណ​តម្លៃ​ទាំង ៣ របស់​ក្រុមហ៊ុន។ នោះគឺ​បង្កើត​ផល​ប្រយោជន៍​សម្រាប់​ជាតិ ប្រជាជន និង​អង្គការ​ ដូច​ដែល CP All ប្រកាន់​ខ្ជាប់​ជា​គោលការណ៍​ណែនាំ​នៅ​ប្រទេស​ថៃ ដែលមានបំណងរីកចម្រើនរួមគ្នាជាមួយសហគមន៍ និងសង្គម ចែកចាយផលិតផល និងសេវាកម្មប្រកបដោយគុណភាព បំពេញតាមតម្រូវការ ធ្វើឱ្យមនុស្សគ្រប់គ្នាញញឹម។

ជាការងារបន្តទៀតសម្រាប់​ប្រទេស​កម្ពុជា ក្រុមហ៊ុន CP All មានការប្តេជ្ញាចិត្តក្នុងការបង្កើត និងចែករំលែកឱកាសដល់គ្នាទៅវិញទៅមក។ ក្នុងនោះ ក្រុមហ៊ុន​មាន​គោលនយោបាយច្បាស់លាស់ ជាបណ្តាញចែកចាយផលិតផលក្នុងស្រុក ក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ដែល​ជា​ប្រជាជនកម្ពុជា ដើម្បីជំរុញអាជីវកម្មផងដែរ។

បើតាមការឲ្យដឹងពីក្រុមហ៊ុននេះ ប្រតិបត្តិការហាង 99% នៅម្ពុជា គឺដំណើរការបុគ្គលិកប្រជាជនកម្ពុជា ដោយក្នុងនោះ រួមមានទាំងការចែករំលែកចំណេះដឹងនៃការគ្រប់គ្រងទំនើបដល់បុគ្គលិកខ្មែរថែមទៀត

រាប់ចាប់តាំងពីអ្នកលក់សម្ភារៈ អ្នកម៉ៅការ អ្នកបច្ចេកទេសថែទាំ រួមទាំងអាជីវកម្មដឹកជញ្ជូនក្នុងស្រុក ដែលនេះគឺជាការរួមចំណែកមួយផ្នែក ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាដោយផ្ទាល់។ នេះបើតាមការ​គូស​បញ្ជាក់​បន្ថែម​ពី​លោក Chairote។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន CP ALL (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធដោយប្រយោលរបស់ CP ALL Plc. បានទទួលសិទ្ធិក្នុងការបង្កើត និងដំណើរការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំ ហើយអាចបន្តជាថ្មីបាន ២ដងទៀតសម្រាប់រយៈពេល ២០ឆ្នាំ។ ហាង 7-Eleven ទីមួយ នៅស្រុកខ្មែរ បានបើកដំណើរការនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដែលមានទីតាំងនៅរាជធានីភ្នំពេញ៕ប្រភព៖ mgronline ដោយ ៖ កែវ កិរិយា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner