មន្ត្រីរាជការ សាលាខណ្ឌច្បារអំពៅចុះរៀបចំសណ្ដាប់ធ្នាប់ សម្អាតបរិស្ថានអនាម័យ នៅក្នុងវត្តកំសាន្ត
ភ្នំពេញ ៖ ដើម្បីបរិស្ថានស្អាត អនាម័យល្អ សណ្ដាប់ធ្នាប់ល្អ និងមានសោភ័ណ្ឌភាព គណៈនាយក មន្ត្រីការិយាល័យក្រោមឱវាទ លោកចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សា និងក្រុមយុវជន សង្កាត់ព្រែកប្រា ចុះសម្អាតធ្វើអនាម័យនៅបរិវេណទីធ្លាវត្តកំសាន្ត ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
កម្មវិធីបរិស្ថានស្អាត អនាម័យល្អនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៨៖០០នាទីព្រឹក ដឹកនាំដោយអភិបាលរងខណ្ឌ២រូប គឺលោក ហ៊ត គឹមនី និងលោក ម៉ុក ពុទ្ធា តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ , លោកស្រេង គឹមស្រ៊ន នាយករដ្ឋបាលសាលាខណ្ឌ ។
នៅក្នុងកម្មវិធីបរិស្ថានស្អាត អនាម័យល្អនេះដែរ លោក ហ៊ត គឹមនី បានថ្លែងដូច្នេះថា ដើម្បីអបអរសាទរ ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលខណ្ឌច្បារអំពៅ រួមនិងពុទ្ធបរិស័ទ ព្រះសង្ឃ បានរួមគ្នា ធ្វើ បរិស្ថាន អនាម័យ នៅក្នុងទីធ្លាវត្តអារាមឲ្យមានសោភ័ណភាពល្អ ទទួលបាន នូវការកោតសរសើរ ពីពុទ្ធបរិស័ទ ដែលមកពីទីជិតទីឆ្ងាយ ចូលរួមក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ ។
ក្នុងនាមគណៈអភិបាលខណ្ឌ មន្ត្រីរាជការទាំងអស់ សូមចូលរួម សម្អាត បរិស្ថានអនាម័យនៅគ្រប់វត្តទាំងអស់ មិនមែនធ្វើតែនៅក្នុងវត្តកំសាន្ត មួយនេះនោះទេ ដូច្នេះកម្មវិធីនេះ នឹងរៀបចំ ធ្វើបន្តទៀតនៅតាមវត្តអារាមទាំងអស់ ក្នុងខណ្ឌច្បារអំពៅ ។
លោកអភិបាលរងបានបន្តថា ក្រៅពីការសម្អាតបរិស្ថានអនាម័យ ទីធ្លា ក្នុងវត្តលោកអភិបាលខណ្ឌច្បារអំពៅ យកចិត្តទុកដាក់ណាស់ ក្នុងការរៀបចំ ចាក់បេតុង ក្នុងបរិវេណវត្ត ដាំកូនឈើ នៅក្នុងវត្ត និងនៅតាមផ្លូវជាតិលេខ១ ជាដើម ។ សមិទ្ធិផល ជាច្រើនទៀតបានកើតឡើងជាបន្តបន្ទាប់ ចាប់តាំងពីលោកអភិបាលខណ្ឌចូលមកកាន់ តំណែងនៅទីនេះ ។ ទន្ទឹមនេះសូម មន្ត្រីរាជការទូទាំងខណ្ឌ អាជ្ញាធរសង្កាត់ ភូមិ និងកម្លាំងយុវជន ខាងក្រុមហ៊ុនស៉ិនទ្រី រួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត ប្រជាពលរដ្ឋ រួមគ្នាធ្វើអនាម័យបរិស្ថាន ដើម្បីឱ្យមូលដ្ឋានយើងស្អាត រស់នៅស្អាត បរិស្ថានល្អ គឺផ្តើមចេញពីយើងទាំងអស់គ្នា ៕ សណ្តោស



