ប្រជុំចាប់ឆ្នោត និងផ្សព្វផ្សាយ បទបញ្ជាប្រកួត កីឡាប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ និង ពានរង្វាន់សម្ដេចក្រឡាហោម ស ខេងលើកទី៩

ខេត្តកំពត៖រសៀលថ្ងៃទី០២ខែកញ្ញានេះ គណៈកម្មការរៀបចំការប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ និង ពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី៩ បានអញ្ជើញ តំណាងក្លឹប និង សមាគមកីឡា កីឡាករកីឡាការិនី ប្រណាំងទូក ពីតាមបណ្ដារាជធានីខេត្ត មកប្រជុំចាប់ឆ្នោត រកគូប្រកួត និង ផ្សព្វផ្សាយបទបញ្ជានៃការប្រកួត នៅសាលា ខេត្តកំពត ក្នុងបំណងធ្វើឲ្យព្រឹត្តិការប្រណាំងទូក នាថ្ងៃស្អែកនេះ ប្រព្រឹត្តិទៅដោយរលូននិងទទួលបានជោគជ័យ ។
ការប្រកួត នេះនឹងធ្វើឡើងរយៈពេល២ ថ្ងៃគឺ ទី៣ និង ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២២ នៅតាមដងព្រែកកំពត ក្នុងទីរួមខេត្តកំពត ។
លោក ស៊្រុន លាង ប្រធានគណៈកម្មការរៀបចំការប្រកួតទូកក្នុងព្រឹត្តិការណ៍នេះបានឲ្យដឹងថា ក្នុងឆ្នាំ
នេះ មានវិញ្ញាសាជាច្រើនដែលគណៈកម្មការរៀបចំ ដាក់ឲ្យធ្វើការប្រកួត រួមមាន៖វិញ្ញាសាទូកប្រពៃណី “ខ្នាតអន្តរជាតិ” ទូកនាគ ចំណុះ១២នាក់ ចម្ងាយ៨០០ម៉ែត្របុរស និង វិញ្ញាសា៥០០ម៉ែត្រ ចំណុះ១២នាក់ បុរស-នារី ។
ក្រៅពីនេះនៅមាន ការប្រណាំង ទូក កានូ កាយ៉ាក់ និង ទូករ៉ូអ៊ីង ផងដែរ ដែលក្នុងនោះ មានវិញ្ញាសា ៥០០ម៉ែត្រ ទូកកានូ អុំម្នាក់ឯងបុរស (C1), វិញ្ញាសា ទូកកាយ៉ាក់ បុរស អុំម្នាក់ឯង ចម្ងាយ៥០០ម៉ែត្រ (K1) និង វិញ្ញាសាទូករ៉ូអ៊ីង ផ្នែកបុរស ចម្ងាយ១០០០ម៉ែត្រ (1X)។
នេះជាព្រឹត្តិការណ៍ដ៏សំខាន់១ សម្រាប់ប្រភេទកីឡាទូកប្រណាំង ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្រសួងអប់រំយុវជន និង កីឡាក្រោមកិច្ចសហការបច្ចេកទេស ជាមួយសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យអត្តពលិកទាំងអស់ បញ្ចេញសមត្ថភាព និងវាស់ស្ទង់កំរិតបច្ចេកទេស ដែលខ្លួនខិតខំហ្វឹកហាត់ កន្លងមក សម្រាប់ពន្លឿនការអភិវឌ្ឍ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា ដើម្បី ជ្រើសបាន កីឡាករ-កិឡាការិនី មានទេពកោសល្យ និង បច្ចេកទេសខ្ពស់ចូលក្នុងការប្រកួតកីឡាជាតិលើកទី៣ ដែប្រព្រឹត្តិទៅអំឡុងខែវិច្ឆិកាឆ្នាំ២០២២។
ជាមួយគ្នានេះដែរព្រឹត្តិការនេះ ក៏ដើម្បី ចម្រាញ់ជ្រើសរើសកីឡាករ ៧រូប មកពីបណ្ដាក្រុមផ្សេងៗ ដែលមានសមត្ថភាព បញ្ចូលជាក្រុមជម្រើសជាតិបន្ថែម ដែលជ្រើសរើស ដោយ លោកគ្រូអន្ដរជាតិ ជនជាតិ ជនជាតិជប៉ុន និង មីយ៉ាន់ម៉ា។
លោក ស្រ៊ុន លាង បានណែនាំដល់តំណាងក្លឹប និង សមាគម និង កីឡាករកីឡាការិនីទាំងអស់ ត្រូវស្វែងយល់ ពីបទបញ្ជា នៃការប្រកួតឲ្យបានច្បាស់ និង ត្រូវគោរពបទបញ្ជាការប្រកួត ឲ្យបានខ្ជាប់ខ្ជួន ដើម្បីធ្វើឲ្យដំណើរការនៃការប្រកួត ប្រព្រឹត្តិទៅពុំមានឧបសគ្គអ្វីមករារាំង ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះក៏ជាការជម្រុះក្រុមដែលចូលរួម ទាំងអស់ដោយយកតែ១១ក្រុមប៉ុណ្ណោះសម្រាប់ការប្រកួត កីឡាជាតិតលើកទី៣ នាចុងឆ្នាំ២០២២ ហើយក្រុមដែលមានចំណាត់ថ្នាក់លើសពីនេះនឹងត្រូវកាត់ចេញ មិនឲ្យចូលរួមការប្រកួតឡើយ ៕ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner