សហភាពអឺរ៉ុប រឹតបន្តឹងទិដ្ឋាការចំពោះជនជាតិរុស្ស៊ី

អឺរ៉ុប៖ ប្រទេសទាំង២៧ នៃសហភាពអឺរ៉ុប បានសម្រេចផ្អាកមិនអនុវត្ត «កិច្ចព្រមព្រៀងយោគយល់ផ្តល់ទិដ្ឋាការ» សម្រាប់ជនជាតិរុស្ស៊ី។ ការយោគយល់គ្នានេះ ធ្លាប់បានអនុវត្ត១៥ឆ្នាំហើយ។ ដូច្នេះពីអំណឺះតទៅ ជនជាតិរុស្ស៊ីដែលចង់ស្នើសុំចូលទឹកដីសហភាពអឺរ៉ុប គឺត្រូវឆ្លងកាត់នីតិវិធីត្រួតពិនិត្យពិច័យតឹងតែងជាមុន ឬត្រូវរង់ចាំពេលយូរជាងមុន ឬក៏ឈានដល់ការមិនទទួលបានទិដ្ឋាការតែម្តង។ ចំណែកតម្លៃសេវាស្នើសុំវីសា (Visa) ក៏នឹងឡើងថ្លៃផង។ នេះបើតាមការពន្យល់របស់ប្រមុខការទូតសហភាពអឺរ៉ុប លោក ហ្សូសេព បូរែល (Josep Borrell)។

រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បញ្ជាក់ទៀតថា វិធានការនេះ នឹងរឹតបន្តឹងខ្លាំងចំពោះការចេញទិដ្ឋាការសម្រាប់ប្រជាជនរុស្ស៊ី ហើយចំនួនទិដ្ឋាការប្រភេទនេះ គឺច្បាស់ជានឹងថយចុះខ្លាំងនៅក្នុងរង្វង់រដ្ឋសមាជិកសហភាពអឺរ៉ុប និង «តំបន់លំហស្ហិនហ្កិន» (Shengen) ដែលជាដែនដីបើកចំហដល់ចរាចរណ៍ដោយសេរីរបស់ប្រជាជន ដោយគ្មានការត្រួតពិនិត្យតាមព្រំដែន។

សេចក្តីសម្រេចថ្មីរបស់ក្រុមរដ្ឋមន្ត្រីការបរទេសទាំង២៧នៃសហភាពអឺរ៉ុប គឺធ្វើឡើងក្នុងសប្តាហ៍នេះ បន្ទាប់ពីប្រជុំអស់រយៈពេលពីរថ្ងៃ នៅប្រទេសឆែក ជាទីដែលប្រទេសនេះ ធ្វើជាប្រធានផ្លាស់វេន នៃ ក្រុមប្រឹក្សាសហភាពអឺរ៉ុប។ ប្រមុខការទូតឆែក លោក ហ្សាន លីប៉ាវស្គី (Jan Lipavsky) មានប្រសាសន៍ថា «ការសម្រេចជាឯកច្ឆ័ននេះ គឺជាសញ្ញាច្បាស់មួយ ប្រាប់ដល់ក្រុមវរជនរុស្ស៊ី ពីជំហររបស់សហភាពអឺរ៉ុប។ ខ្ញុំជឿថា សហភាពអឺរ៉ុប អាចនឹងមានសមត្ថភាព ដាក់វិធានការផ្សេងទៀតចំពោះរបបក្រុងម៉ូស្កូ។»

ទោះបីជា សហភាពអឺរ៉ុប ត្រូវរឹតបន្តឹងទិដ្ឋាការចំពោះជនជាតិរុស្ស៊ី ក៏ពិតមែន តែក៏មានករណីលើកលែងខ្លះដែរ ពិសេសចំពោះភ្ញៀវទេសចររុស្ស៊ី, ក្រុមអ្នកប្រឆាំងនឹងរបបក្រុងម៉ូស្កូ និងក្រុមអ្នកធ្វើការឲ្យអង្គការសង្គមស៊ីវិល នៅរុស្ស៊ី។ រដ្ឋមន្ត្រីកិច្ចការបរទេសសហភាពអឺរ៉ុប ហ្សូសេព បូរែល ក៏បានគូសបង្ហាញដែរថា «ទេសចររុស្ស៊ីខ្លះ គ្រាន់តែចង់ទៅទស្សនាអឺរ៉ុបនិងដើរលេងទិញអីវ៉ាន់តែប៉ុណ្ណោះ»។

គួររំឮកជូនថា ចាប់ពីឆ្នាំ២០០៧ រុស្ស៊ី និងសហភាពអឺរ៉ុប បានយល់ព្រមគ្នាចុះកិច្ចព្រមព្រៀងបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ទិដ្ឋាការ។ ក៏ប៉ុន្តែ ចាប់តាំងពីផ្ទុះសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក គឺនាពេលប៉ុន្មានខែកន្លងទៅ សហភាពអឺរ៉ុប បានសម្រេចផ្អាក មិនចេញទិដ្ឋាការដល់បុគ្គលសំខាន់ៗនៃរបបក្រុងម៉ូស្កូ មានតួយ៉ាង អ្នកធំមានអំណាច អ្នកទទួលខុសត្រូវជាន់ខ្ពស់ និងអ្នកជំនួញមួយចំនួននៅរុស្ស៊ី ៕ ដោយ៖ សេរី ឧត្តម

ads banner